ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយក្រុមការងារ និងក្រុមសកម្មជននៃយុវជនគណបក្សប្រជាជនកម្ពុជានៅស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មការអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងក្រុមសកម្មជននៃយុវជនទូទាំងស្រុកស្រីសន្ធរ។

ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និង សមាជិក សមាជិកាយុវជនចូលរួមប្រមាណ ២០០០នាក់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សតែងបានផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើងបែងចែក និងជាគណបក្សដែលមានស្នាដៃបទពិសោធន៍ក្នុងអតីតកាល, មានសមត្ថភាពថែរក្សាលំនឹងស្ថិរភាពក្នុងបច្ចុប្បន្នកាល និងអាចធានាបាននូវទំនុកចិត្តសម្រាប់អនាគតមួយដ៏ភ្លឺស្វាង គឺគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិតបន្ដថា ក្នុងរយៈពេល៤៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានងើបចេញពីវាលពិឃាត និងគំនរផេះផង់ រហូតក្លាយខ្លួនជាកោះសន្តិភាព, ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក, ជាប្រទេសដែលមានកំណើន សេដ្ឋកិច្ចខ្ពស់ជាប់ចំណាត់ថ្នាក់, ជាប្រទេសប្តូរពីមានចំណូលទាបមកជាចំណូលមធ្យម, ជាប្រទេសជាប់ចំណាត់ថ្នាក់លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអ្វីដែលសំខាន់ជាប្រទេសដែលផ្តល់ឱកាស និងលំហរសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ជាពិសេសឱកាសសម្រាប់ការអភិវឌ្ឍខ្លួនដល់យុវជន និងកុមារ ក្នុងនាមជាអ្នកជំនាន់ក្រោយនៃសម័យកាលសង្គ្រាម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តថា ភាពសកម្មរស់រវើករបស់សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកស្រីសន្ធរ ក៏ដូចជានៅទូទាំងប្រទេស ពិតជាបានបង្ហាញឲ្យឃើញនូវកម្លាំងថាមពលដ៏ខ្លាំងក្លារបស់គណបក្សយើង ជាពិសេសការគាំទ្រប្រកបដោយការជឿជាក់មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សគ្រប់អាណត្តិកន្លងមកនេះ ដោយបាននាំមកភាពសុខសាន្តសម្រាប់ជាតិ និងប្រជាជន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនក្នុងគ្រប់អាណត្តិកន្លងមក ពីព្រោះមានតែអ្នកស្រុកស្រីសន្ធរផ្ទាល់ ជាអ្នកបានឆ្លងកាត់ផ្ទាល់ និងស្គាល់ច្បាស់អំពីការអភិវឌ្ឍរីកចម្រើនជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមបន្តគាំទ្រសំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះ និងទទួលបានជោគជ័យឱ្យបានលើសលប់បន្តទៀត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ការអភិវឌ្ឍរីកចម្រើន នៅក្នុងមូលដ្ឋាននេះ ទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមាន វត្តអារាម ផ្លូវបេតុង ស្ពាន សាលារៀន មណ្ឌលសុខភាព ជាដើម ដែលទាំងអស់នេះ បានកើតឡើងពីការដឹកនាំ និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការរួមកម្លាំងញើសឈើសឈាម និងកិច្ចខិតខំប្រឹងប្រែងដ៏យូរឆ្នាំរបស់អាជ្ញាធរដែនដី, ក្រុមការងារគ្រប់យន្តការ, សប្បុរសជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ រហូតសម្រេចបាននូវវឌ្ឍនភាពសម្រាប់ភូមិឃុំយើងក្រោមម្លប់និរន្តរភាពនៃសន្តិភាព ស្ថិរភាព ដូចពេលនេះ ដោយមិនអាចកើតឡើងក្នុងត្រឹមមួយប៉ប្រិចភ្នែកបានឡើយ។ ដូច្នេះនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងឈានមកដល់ឆាប់ៗនេះ សូមបន្តរួមរស់នៅក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមរយៈយុទ្ធការ «សមាជិកបក្សម្នាក់ អ្នកគាំទ្របក្សម្នាក់ មានសន្លឹកឆ្នោតមួយសន្លឹកជូនបក្ស» ដើម្បីប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ដោយសម្រេចជ្រើសរើសបក្ស ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក។

ឯកឧត្តមបណ្ឌិត បានអះអាងទៀតថា រាជរដ្ឋាភិបាលនឹងខិតខំបន្តជំរុញប្រសិទ្ធភាពការងារទៅមុខទៀត តាមរយៈការពង្រឹងចំណុចខ្លាំង និងកែលម្អចំណុចខ្វះខាតដែលមាន ពីព្រោះនៅលើពិភពលោក មិនអាចមានរដ្ឋាភិបាលណាដែលអាចឆ្លើយតបនឹងសំណូមពរប្រជាពលរដ្ឋឲ្យគ្រប់ ១០០ភាគរយ នោះទេ។ រាជរដ្ឋាភិបាលណាក៏ដោយ ទោះបីអាចដោះស្រាយបញ្ហាបានទាំងអស់ ក៏នឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យទាន់សំណូមពររបស់ប្រជាពលរដ្ឋដែលបន្តកើនឡើង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ចំពោះរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនវិញ គឺតែងបានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលការងារជាប្រចាំក្នុងគ្រប់អាណត្តិនីមួយៗ ដើម្បីដកពិសោធន៍ចំណុចខ្លាំង ចំណុចខ្សោយ កែលម្អបញ្ហាអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរពីមួយអាណត្តិទៅមួយអាណត្តិ «បេះដូង និងឆន្ទៈរបស់មន្ត្រីបក្ស មានតែមួយប៉ុណ្ណោះ គឺបម្រើជាតិ និងប្រជាជន ដោយឥតរុញរាក្នុងគ្រប់កាលៈទេសៈទាំងអស់»៕