អាមេរិកចោទរុស្ស៊ីថា កំពុងព្យាយាម​លុបបំបាត់​វប្បធម៌ និង​អត្តសញ្ញាណ​របស់​អ៊ុយ​ក្រែ​ន តាមរយៈ​សង្គ្រាម​ឈ្លានពាន​

វ៉ាស៊ីនតោន ​៖ ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ចោទប្រកាន់​សម​ភាគី​រុស្ស៊ី លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ថា​ កំពុង​ព្យាយាម​លុបបំបាត់ បំផ្លាញ​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ប្រជាជាតិ​អ៊ុយ​ក្រែ​ន តាមរយៈ​សង្គ្រាម​ឈ្លានពាន​នេះ​។​

លោក Joe Biden បាន​និយាយ នៅក្នុង​សុន្ទរកថា​មួយ​នៅឯ​ពិធី​បញ្ចប់​ការសិក្សា​របស់​បណ្ឌិតសភា​កងទ័ពជើងទឹក​អាមេរិក ។​

លោកបាន​និយាយថា កងកម្លាំង​រុស្ស៊ី កំពុង​វាយប្រហារ​លើ​សាលារៀន ម​ត្តេ​យ្យ មន្ទីរពេទ្យ សារមន្ទីរ ដោយ​គ្មាន​គោលបំណង​ផ្សេង​ក្រៅពី​ការចង់​លុបបំបាត់​វប្បធម៌ ហើយ​បន្ថែមថា សង្គ្រាម គឺជា​ការវាយលុក​ដោយ​ផ្ទាល់​ទៅលើ​គោល​លទ្ធិ​ជា​មូលដ្ឋាន​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​។​

គួរ​បញ្ជាក់ថា សង្គ្រាម​ឈ្លានពាន​របស៎​រុស្ស៊ី លើ​ទឹកដី​អ៊ុយ​ក្រែ​ន បានអូសបន្លាយ​អស់​រយៈពេល ៤ ខែ​មកហើយ ដោយ​គិត​ចាប់ពី​ចុងខែ កុម្ភៈ មកម្ល៉េះ​៕