យប់​នេះ Liverpool ឬ Real ក្លាយជា​ម្ចាស់​ជើងឯក UCL ឆ្នាំ​២០២២

អឺរ៉ុប ៖ ក្រុម​ហង្ស​ក្រហម Liverpool នឹង​សម្លឹង​រក​ការ​ឈ្នះ​រង្វាន់​អឺរ៉ុប​ជា​លើក​ទី​៧ ខណៈ​ជួប​ក្រុម Real Madrid ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នា​រាត្រី​នេះ​។​

​អ្នកគាំទ្រ Liverpool រហូតដល់​ទៅ ៦០,០០០ នាក់ ដែល​ភាគច្រើន​គ្មាន​សំបុត្រ ត្រូវបាន​គេ​រំពឹងថា នឹង​ទៅ​រដ្ឋធានី​របស់​ប្រទេស​បារាំង ខណៈដែល​ក្រុម​ហង្ស​ក្រហម​របស់លោក Jurgen Klopp បានឈ្នះ​ពាន FA Cup, Carabao Cup និង​កំពុង​ស្វែងរក​ពាន​ទី​៣​ក្នុង​រដូវ​កាល​នេះ ។​

​ចំណែក Real Madrid បានឈ្នះ​ជើងឯក​១៣​សម័យកាល ហើយ​គ្រូបង្វឹក​អ៊ីតាលី​លោក Carlo Ancelotti កំពុង​សម្លឹង​រក​ការ​ឈ្នះ​ជា​លើក​ទី​៤ ក្នុងនាម​ជា​អ្នកចាត់ការ​ឈ្នះ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​ដឹកនាំ AC Milan ឈ្នះ​ពាន​(២០០២ -០៣, ២០ ០៦ -០៧) និង Real (២០១៣-១៤) ។​

​សូមជម្រាបថា Liverpool ធ្លាប់​បានឈ្នះ​ពានរង្វាន់ Champions League ចំនួន​៦​លើក​រួម​មកហើយ ខណៈ Real ធ្លាប់​ឈ្នះ​១៣​លើក​។ ក្រុម​ទាំងពីរ ធ្លាប់បាន​ប៉ះគ្នា​៨​ប្រកួត ក្នុង​លី​គ European Cup ដោយ Real ឈ្នះ​៤​ប្រកួត និង Liverpool ឈ្នះ​៣​ប្រកួត​៕