ឈ្មួញនាំជ្រូកចូលដោយល្មើសច្បាប់ ពីប្រទេសវៀតណាម បើកឡានដេញបុកសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល

ខេត្តត្បូងឃ្មុំ ៖ ជ្រូករស់ចំនួន៣២ក្បាលត្រូវបានក្រុមឈ្មួញលួចនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ដោយគ្មានលិខិតអនុញ្ញាតតាមច្រករបៀង នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបម្រុងយកទៅចែកចាយនៅក្រុងសួង គឺនៅពេលដែលសមត្ថកិច្ច ឃាត់នោះហើយ ដែលអ្នកបើករថយន្ត ដែលនាំសត្វចូលដោយគ្មានច្បាប់នេះ មិនត្រឹមតែមិនព្រមឈប់ តាមការឃាត់របស់សមត្ថកិច្ចនោះទេ ថែមទាំងបានបន្ថែមល្បឿនបើក ឡានដេញបុក រថយន្តរបស់សមត្ថកិច្ចទៀតផង។ ករណីនេះកើតឡើងកាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវលំ ចេញពីប្រទេសវៀតណាមមក ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក។ រថយន្តល្មើសម៉ាក សាងយ៉ុង អ៊ីស្តាណា (Ssangyong istana) ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី គ្មានស្លាកលេខ។

ជុំវិញនឹងបញ្ហាដ៏ចម្រូងចម្រាសខាងលើនេះកម្លាំសមត្ថកិច្ចចម្រុះ បាននាំយកវត្ថុតាងបទល្មើស ទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័ក សត្វ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដើម្បីយកសំណាក ទៅវិភាគ តាមបែបវេជ្ជសាស្ត្រ ថាតើជ្រូកទាំងនោះ មានផ្ទុកជំងឺដែរ ឬ អត់ ហើយបានកសាងសុំណុំរឿងដើម្បីដោះស្រាយ ទៅតាមនីតិវិធីច្បាប់ស្ពីពីសត្វជ្រូក។

ប្រភពបន្តថា បើធ្ងន់ធ្ងរអាចឈានដល់ ដុតកម្ទេចចោល ។ ចំណែកអ្នកនាំជ្រូកចូល ដោយគ្មានច្បាប់អនុញ្ញាតទាំង៤នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចយកឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្ត ទៅតាមច្បាប់ជាធរមាន៕ ដោយ ៖ ផល្លិត ហៅបូរ៉ា