វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨៩០ករណីទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យ

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៨៩០ករណី និងពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់មានករណីឆ្លងថ្មីចំនួន ២៨២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Yên Bái មានចំនួន ៦៧ករណី និងខេត្ត Nghệ An ចំនួន៦០ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧១៧,២៥១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤៤៨,៣៥២នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៨នាក់៕