ដួលរលំអគារ១០ជាន់ នៅភាគនិរតីប្រទេសអីរ៉ុង សម្លាប់មនុស្ស២៩នាក់ និង៣៨នាក់ទៀតបាត់ខ្លួន

តេហេរ៉ង់ ៖ មន្ត្រីខេត្តម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ហេតុការណ៍ដួលរលំអគារពាណិជ្ជកម្មកម្ពស់១០ជាន់នៅទីក្រុង Abadan ភាគនិរតីនៃប្រទេសអ៊ីរ៉ង់បានសម្លាប់មនុស្សកើនដល់២៩នាក់ ខណៈដែល៣៨នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ។

អភិបាលខេត្ត Khuzestan លោក Sadeq Khalilian បានប្រាប់អ្នកយកព័ត៌មាននៅពេលទៅទស្សនកិច្ចទៅកាន់ទីតាំងនៃឧបទ្ទវហេតុថា មកដល់ពេលនេះសាកសពចំនួន ២៩នាក់ត្រូវបានគេរកឃើញពីគំនរបែកបាក់ ដែលក្នុងនោះ ៣នាក់មិនស្គាល់អត្តសញ្ញាណ។

ចំនួនពិតប្រាកដនៃអ្នកជាប់នៅក្រោមគំនរបាក់បែកនៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលប្រតិបត្តិការរុករកបាននិងកំពុងដំណើរការយឺតៗ និងដោយប្រុងប្រយ័ត្ន ព្រោះខ្លាចផ្នែកដែលនៅសេសសល់ នៃអគារ និងសំណង់ដែលនៅជុំវិញដួលរលំសង្កត់។

តុលាការអ៊ីរ៉ង់បានរាយការណ៍ថា មានមនុស្ស១០នាក់ត្រូវបានចាប់ខ្លួនសម្រាប់ឧបទ្ទវហេតុនេះ ដែលក្នុងនោះម្ចាស់អគារ និងអ្នកម៉ៅការដែលបានស្លាប់៕