រថយន្តបុកគោងាប់រដូក​រណែលលើផ្លូវជាតិលេខ៣១៤D ក្នុងស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង ៖ គោអ្នកស្រុកចំនួន៥ក្បាលត្រូវបានរថយន្តបុកងាប់ស្តូកស្តឹងតាមផ្លូវជាតិលេខ៣១៤D បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយសម្រួលចរាចរណ៍ និងស្វែងរកម្ចាស់គោ ខណៈករណីនេះកើតឡើងកាលពីវេលាម៉ោង២១ និង៤៥ នាទីយប់នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ នៅលើផ្លូវជាតិលេខ៣១៤D នៅត្រង់ចំណុច មុខផ្សារកំពង់រោទិ៍ ស្ថិតនៅក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើងបោះពួយយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានបុករះជាមួយគោចំនួន០៧ក្បាលដេកនៅលើផ្លូវជាតិហើយបណ្ដាលឱ្យសត្វគោចំនួន០៥ក្បាលបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។

ប្រភពបានបន្ថែមទៀថា ក្នុងចំណោមសត្វគោទាំង ០៥ ក្បាលដែលបានស្លាប់នោះ គោ០៤ក្បាលជារបស់ឈ្មោះ ឆេន សុវណ្ណី ភេទស្រី អាយុ៤៨ឆ្នាំ និង០១ក្បាលទៀតជារបស់ឈ្មោះ ភោគ វល័ក្ខ ភេទ ស្រី អាយុ៤៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ក្រោយពីបង្កហេតុរួចមកអ្នកបើកបររថយន្តបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល៕ ភក្តី