
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៣.៩៥៥នាក់ និងស្លាប់២១នាក់ទៀត
ថ្ងៃចេញផ្សាយៈ ខែឧសភា 31, 2022
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៣.៩៥៥ករណីបន្ថែមទៀតនិងស្លាប់២១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣.៩៥៤ករណី ជាករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីនាំចូលនោះទេ ខណៈអ្នកជំងឺចំនួន ៦,៦០៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន៤,៤៥០,៤៥៧ករណី ក្នុងនោះមានអ្នកស្លាប់៣០,០១៩នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣៨០.៥៧៧នាក់៕