អភិបាលខេត្តស្ទឹងត្រែង ៖ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ រួមគ្នាយ៉ាងសកម្មធ្វើឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងភូមិសាស្រ្តខេត្ត

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានថ្លែងថា ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់រួមទាំងមន្ត្រីរាជការបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អក្នុងភូមិសាស្ត្រខេត្ត និងបង្ក្រាបបាននូវរាល់បទល្មើសគ្រប់រូបភាពដែលបានកើតឡើង ធ្វើឲ្យមានសន្តិសុខសណ្តាប់កាន់តែល្អប្រសើរ ។

ទាំងនេះគឺជាប្រសាសន៍ថ្លែងការកោតសរសើរដល់មន្រ្តីរាជការគ្រប់ស្ថាប័នទាំងអស់ក្នុងខេត្ត ក្នុងឱកាសប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទឹសដៅភារកិច្ចការងារបន្ត កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះនៅឯសាលប្រជុំសាលាខេត្ត ។

ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា តាមការជាក់ស្តែង និងសមិទ្ធិផលនានាដែលបានកើតឡើង បង្ហាញឲ្យឃើញថាមន្ទីរ អង្គភាពរួមទាំងកងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវាសាធារណៈបានល្អប្រសើរ ដែលទាំងនេះជាការរួមចំណែកមួយ ដើម្បីឲ្យខេត្តស្ទឹងត្រែងមានភាពរីកចំរើនឈានទៅមុខជាលំដាប់ ។

ឯកឧត្តមបានបន្តថា ទោះជាលទ្ធផលការងារល្អប្រសើយ៉ាងណាក្តីអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់ថែមទៀតលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅតាមក្រុង/ស្រុកនានា ជាពិសេសកិច្ចការចំពោះមុខកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈរួចរាល់ ក្នុងការរៀបចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/ សង្កាត់អាណត្តិទី៥ ដែលនឹងជិតឈានចូលមកដល់នាពេលខាងមុខនេះ ព្រមទាំងផែនការចាំបាច់មួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ និងឆ្នាំ២០២៤ ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បណ្តារមន្ទីរអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ដោយប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាម្ព័ន្ធនៅតាមមូលដ្ឋាន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត៕ ម៉ាវិន