NATO ចង់​ពង្រឹងសមត្ថភាព​ការពារ​លើទឹក​ដី​ទាំងមូល​របស់​សម្ព័ន្ធមិត្ត ដើម្បី​ត្រៀមខ្លួន​ទប់​ទល់នឹង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន

ឡុង​ដ៍ ​៖ អគ្គលេខាធិការ​អង្គការ​ណា​តូ (NATO) លោក Jens Stoltenberg បាន​និយាយ កាលពី​ថ្ងៃ​ច័ន្ទ​ថា ណា​តូ ចង់​ពង្រឹងសមត្ថភាព​ការពារ​របស់ខ្លួន​នៅ​ភាគ​ខាងកើត និង​ទូទាំង​ទឹកដី​ទាំង​មូលនៃ​សម្ព័ន្ធមិត្ត ដើម្បី​ជាការ​ត្រៀមខ្លួន​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​គ្រប់ទិសទី ជាពិសេស​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

លោក Stoltenberg បាន​ប្រាប់​កាសែត ABC របស់​អេ​ស្ប៉ា​ញ​ថា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន គឺ​គ្មាន​នរណាម្នាក់​អាច​ទាយ​ដឹង​នោះទេ ប៉ុន្តែ​យើង​គួរតែ​ត្រៀមខ្លួន​ឲ្យ​ល្អ​។​ លោក បញ្ជាក់ថា ណា​តូ​នឹង​ចាប់ផ្តើម​ឈានទៅរក​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយ​សហភាព​អឺរ៉ុប (EU) និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៅឯ​កិច្ចប្រជុំ​កំពូល ក្នុង​ទីក្រុង Madrid ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣០ ខែមិថុនា ខាងមុខ​។​

លោកបន្តថា ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ក៏​អាច​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ផងដែរ ហើយ​វា​នឹង​ក្លាយជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទាំង ២ សម្រាប់​សមាជិក​ភាពជា​មួយណា​តូ​៕