
ថៃបន្តរកឃើញអ្នកឆ្លងកូវីដចំនួន១០.០៦៤ករណីទៀត និងអ្នកជំងឺ៨២នាក់ស្លាប់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន១០.០៦៤ករណី និងមានអ្នកស្លាប់ចំនួន៨២នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំនួនឆ្លងខាងលើនេះគឺមានចំនួន ៩.៩៤៦ លើប្រជាជនទូទៅ និង១១៨ករណីជាអ្នកទោសក្នុងពន្ធនាគារ។ ទន្ទឹមនឹងនេះនៅថ្ងៃអង្គារម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ១០.៩៨៨ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៧១១.៥៦៥ នាក់ដែលក្នុងនោះ ១.៥៨៧.៩១៧ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៧.៨២៣ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៧.៩១៧ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕