កម្ពុជានឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ដោយផ្តើមដំបូងនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរខេត្តកោះកុង ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាក្រុងខេត្តព្រះសីហនុ ដោយមានការចូលរួមតាមប្រព័ន្ធ Zoom Meeting ដោយលោកជំទាវមិថុនា ភូថងអភិបាលខេត្តកោះកុងផងដែរ។

ការបើកទទួលភ្ញៀវទេសចរអន្តរជាតិនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅដោយផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង។ កម្មវិធីទេសចរណ៍វ៉ាក់សាំង អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សំដែងការអបអរសាទរនិងបានរំពឹងថាតាមរយៈការបើកទទួលទេសចរវ៉ាក់សាំងនិងការសម្របសម្រួលឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូលំទូលាយជាគោលនយោបាយលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជានឹងអាចផ្តល់កាលានុវត្តភាពធ្វើអោយអាជីវកម្មទេសចរណ៍ដើរឡើងវិញដើម្បីជួយស្តារសេដ្ឋកិច្ចសង្គមនិងជីវភាពអាជីវករនិងពលរដ្ឋទូទៅមានភាពប្រសើរឡើង។

ទន្ទឹមនឹងដំណើរការទេសចរណ៍វ៉ាក់សាំង ទេសចរណ៍ផ្ទៃក្នុងក៏កំពុងចលនាជំរុញផងដែរដោយដាក់ចេញវិធានការចាំបាច់នានាដើម្បីធានាបានសុវត្ថិភាព ៖ ទី១.ការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង។ ទី២.ការជំរុញដំណើរការឡើងវិញរបស់អាជីវកម្ម-ប្រតិបត្តិការទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។ ទី៣.បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរផ្ទៃក្នុង។ ទី៤.ការអភិវឌ្ឍផលិតផលទេសចរណ៍បម្រើឱ្យចលនាទេសចរណ៍ផ្ទៃក្នុង និងទី៥.ផ្សព្វផ្សាយ អប់រំ និងបញ្ជ្រាបការយល់ ដឹងជាសាធារណៈ និងទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន មានប្រសាសន៍ថា ការផ្សព្វផ្សាយ ស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង ក្នុងចក្ខុវិស័យស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ចាប់ផ្តើមបើកទទួលទេសចរណ៍វ៉ាក់សាំងជាមួយការ គ្រប់គ្រងប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព តាមគន្លងប្រក្រតីភាពថ្មី។

គោលបំណងបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញជាជំហានៗឈរលើគោលការណ៍រក្សានូវតុល្យភាពរវាងសកម្មភាពសង្គមសេដ្ឋកិច្ច និងធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមស្មារតីនៃ “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” ។

ក្រសួងទេសចរណ៍បានដាក់ចេញផែនកាយុទ្ធសាស្ត្រកំណត់នូវគោលដៅសំខាន់៤៖

១.ការកំណត់ប្រភពទីផ្សារដែលមានសក្តានុពល សុវត្ថិភាព និងហានិភ័យទាប។

២.ការគ្រប់គ្រងលំហូរភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាល។

៣.ការពង្រឹងសុវត្ថិភាព និងគុណភាពសេវាកម្មទេសចរណ៍កម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

៤.បង្កើនទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារ និងគោលដៅទេសចរណ៍កម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីបន្តថា ជំហានទី១ យើងចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញដោយកំណត់យកគម្រោងសាកល្បងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ផ្តើមនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាប នៅខែមករា ឆ្នាំ២០២២។ ជំហានទី២ ការបើកឡើងវិញតាមតំបន់ទទួលទេសចរអន្តរជាតិមកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងទៀត។ បើជំហានដំបូងនេះបានជោគជ័យ ជំហានទី៣នឹងការបើកឡើងវិញទាំងស្រុងទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេសតែម្តង៕ ដោយ ៖ ទឹង សុភាព