អ៊ុយក្រែនថា រុស្ស៉ីដណ្តើមបានទឹកដីភាគច្រើន នៃទីក្រុង Sievierodonetsk

កៀវ ៖ អ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ បានអះអាងថា រុស្ស៉ីបានកាន់កាប់ភាគច្រើនលើទីក្រុងឧស្សាហកម្មក្នុងតំបន់ភាគខាងកើត គឺទីក្រុង ស៊ីវីយឺរ៉ូដូណេត (Sievierodonetsk) ខណៈហេដ្ឋារចនារសម្ព័ន្ធរងការបំផ្លាញខ្ទេចខ្ទីដោយការទម្លាក់គ្រាប់បែក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលតំបន់លូហាន លោក សឺហ៊ី ហ្គៃដៃ (Serhiy Gaidai) បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្ទើរតែទាំងស្រុង នៅក្នុងទីក្រុង Sievierodonetsk ត្រូវបានបំផ្លាញ ហើយ៦០ភាគរយនៃលំនៅដ្ឋានរងការខូចខាតធ្ងន់ធ្ងរ។ លោកបន្ថែមថា «ទីតាំងភាគច្រើននៃទីក្រុង Sievierodonetsk ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី»។

លោកបន្តថា ទីក្រុងនេះមិនស្ថិតក្រោម ការឡោមព័ទ្ធនោះទេ ប៉ុន្តែស្ថានការណ៍ពេលនេះ គឺមិនអាចទាយទុកមុនបានឡើយ ស្របពេលដែលការបាញ់ផ្លោងរបស់រុស្ស៉ី មិនអាចឲ្យមានការនាំយកជំនួយ ចូលមកក្នុងទីក្រុងបាន ឬការជម្លៀសមនុស្សចេញ៕