គោក្របីផ្ទះជំងឺ១១០ក្បាល និងងាប់១៩ក្បាលនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង ៖ គោក្របីឈឺ និងងាប់ជាបន្តបន្ទាប់រយៈពេល១ខែចុងក្រោយនេះធ្វើឲ្យប្រជាពលរដ្ឋអ្នកចិញ្ចឹមវគោ ក្របីមានការព្រួយបារម្ភដោយមានវគោ និងក្របីផ្ទុះជំងឺ ឈឺ១១០ក្បាល ហើយបានងាប់កើនឡើង១៩ក្បាល ។

បើតាមមន្ត្រីពេទ្យសត្វស្រុកចន្ទ្រាបានឲ្យដឹងថាដោយសារចំនួនគោ ក្របីផ្ទុះជំងឺ ១ភូមិកើនដល់១១០ក្បាល និងងាប់១៩ក្បាល ទើបប្រជាកសិករសុំឲ្យមន្ត្រីជំនាញ ចុះជួយពួកគាត់ជាបន្ទាន់ ។

ប្រភពបន្តថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មកទល់ថ្ងៃទី០១ មិថុនា ២០២២  នេះលោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដានជំងឺឆ្លងសត្វ នៃនាយកដ្ឋានសុខភាពសត្វ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពជំងឺសត្វ ណែនាំម្ចាស់សត្វនិងបាញ់ថ្នាំសម្លាប់មេរោគនៅ ភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង  សត្វឈឺសរុបចំនួន១១០ ក្បាល  គោ៤៤ក្បាល ក្របី៥៤ក្បាលកំពុងព្យាបាល និង ងាប់១៩ ក្បាល ប៉ះពាល់លើប្រជាកសិករ១៧គ្រួសារ ។

មន្ត្រីដដែលបន្តទៀតថា ក្រៅពីជួយព្យាបាលសត្វឈឺ បានផ្ដល់ថ្នាំសម្លាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិ និងគ្រួសារកសិករដែលមានសត្វឈឺ និងយកវត្ថុវិភាគ ចំនួន២សំណាក (ដំបាសំបោ) និងសួតសត្វងាប់ ចំនួន២សំណាក ពិនិត្យរោគ និងវិនិច្ឆ័យ ហើយក្រុមការងារបាន បាញ់ថ្នាំសម្លាប់មេរោគនឹងចាក់ថ្នាំព្យាបាលជំងឺសត្វចែកថ្នាំសម្លាប់មេរោគ នៅតាមគ្រួសារចិញ្ចឹមសត្វដែលមានសត្វគោក្របីឈឺទាំងអស់៕ ភក្តី