រុស្ស៊ី ៖ អាមេរិកកំពុងចាក់សាំងលើភ្លើង ជុំវិញផែនការបញ្ជូនអាវុធឲ្យអ៊ុយក្រែន

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនពីបទចាក់សាំងលើភ្លើង ជុំវិញផែនការបញ្ជូនអាវុធចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។

លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «យើងជឿថា សហរដ្ឋអាមេរិកកំពុងតែបន្ថែមសាំងលើភ្លើង ដោយចេតនា និងបំណងច្បាស់លាស់»។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា «ការផ្គត់ផ្គង់បែបនេះ គឺមិនមែនជាទង្វើដែលលើកទឹកចិត្តទីក្រុងកៀវឱ្យបន្តការចរចាសន្តិភាពឡើងវិញឡើយ ដោយបន្ថែមថាទីក្រុងវ៉ាស៊ីនតោនចង់ឲ្យអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ីដល់ទីបញ្ចប់»។

សូមជម្រាបថា នៅថ្ងៃពុធនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឱ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ បង្ខំឱ្យរុស្ស៉ីត្រឡប់មករកតុចរចាវិញ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកផ្ទាល់អះអាងថានឹងមិនផ្ដល់អាវុធបែបនេះឱ្យអ៊ុយក្រែនទេ៕