ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញបើការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ខ្សែថ្មីបន្ថែមទៀត ក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ

ខេត្តកែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញបើការដ្ឋានស្ថានា ផ្លូវកៅស៊ូ ១ខ្សែថ្មីបន្ថែមទៀត ស្ថិតនៅ ភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ពិធីមានការអញ្ជើញចូលរួមពី ឯកឧត្ដម​ សមាជិក​ ក្រុម​ប្រឹក្សា​ខេត្ត​ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី រួមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់។

បើតាមរបាយការណ៍របស់លោក អុឹង វុទ្ធី នាយករដ្ឋបាលសាលាខេត្ត បានអោយដឹងថា សម្រាប់ឆ្នាំ២០២២នេះ ខេត្តកែប មានគម្រោងធំៗប្រចាំឆ្នាំចំនួន ៨គម្រោង ក្នុងនោះ ក្រុងកែប មាន៤គម្រោង និងស្រុក ដំណាក់ចង្អើរចំនួន៤គម្រោង ដែលគម្រោងមួយចំនួន ត្រូវបានអនុវត្តរួចរាល់ និងមួយចំនួនទៀតកំពុងដំណើរការអនុវត្តគម្រោង។ លោកនាយរដ្ឋបាលបញ្ជាក់ថា សម្រាប់គម្រោងស្ថាបនាផ្លូវ កៅស៊ូ DBST ដែលកំពុងបើកការដ្ឋាននាពេលនេះ មានប្រវែង៩៨០ម៉ែត្រ ទទឹង៦ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ ដែលផ្លូវនេះតភ្ជាប់ ពីផ្លូវ ១៣៣២ ឆ្ពោះទៅកាន់ ផ្លូវទៅព្រំដែនព្រែកចាក ស្រុកកំពង់ត្រាច ខេត្ត​កំពត​ ដោយឆ្លងកាត់ ភូមិចំនួនពីរ គឺភូមិ ទូលសាង៉ាំ និងភូមិព្រៃតាកុយ ខេត្តកែប គម្រោងស្ថានា ផ្លូវនេះ មានរយៈពេលបីខែ គ្រោងនឹងបញ្ចប់ នាចុងសីហា ឆ្នាំ២០២២ខាងមុខ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានគូសបញ្ជាក់ថា ផ្លូវកៅស៊ូ DBST មួយខ្សែនេះ ជាចំណងដៃថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិ អំពេងនេះ បន្ទាប់ពីផ្លូវបេតុមួយខ្សែប្រវែង ២៧០០ម៉ែត្រ ទទឹង៨ម៉ែត្រ ត្រូវបានសម្ពោធដាក់ជូនបងប្អូនភូមិអំពេងប្រើប្រាស់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កន្លងទៅថ្មីៗនេះ។

ឯកឧត្តមបណ្ឌិតបន្ថែមថា សមិទ្ធផលដែលយើងទទួលបានជាបន្ដបន្ទាប់នេះ កើតឡើង ដោយសារប្រទេសជាតិយើងនៅតែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយយើងមានឱកាសគ្រប់គ្រាន់ ក្នុងអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់យើងទាំងអស់គ្នា អោយកាន់តែមានជីវភាពធូរធារសម្បូរសប្បាយ។

ឯកឧត្តមបន្តថា គម្រោងស្ថាបនាផ្លូវកៅស៊ូប្រវែង៩៨០ម៉ែត្រ ជាគម្រោងសម្រាប់ឆ្នាំ២០២២ប៉ុណ្ណោះ ដោយសារ គម្រោងថវិកាប្រចាំឆ្នាំរបស់ខេត្តមានកំណត់ តែគម្រោងនេះនឹងសិក្សាបន្ត អនុវត្តរហូតដល់តភ្ជាប់តាមផែនការ។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនដែលរស់នៅតាមដងផ្លូវ សូមចូលរួមបរិចាកដីចំណីផ្លូវ ដើម្បីអោយផ្លូវមានលក្ខណៈធំទូលាយ មានសោភណភាព និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ ឯកឧត្តម ក៏បានណែនាំបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីធានាអោយបាននូវគ្រោះថ្នាក់ដែលអាចនឹងកើតឡើងជាយថាហេតុ ជាពិសេសសូមអោយបងប្អូន ទៅទទួលវ៉ាក់សាំង ជាបន្តបន្ទាប់ សំដៅការពារពីការវាយលុលយាយី នៃជំងឺកូវីដ-១៩ ក្រៅពីនេះ សូមអោយបងប្អូនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ អោយបានគ្រប់ៗគ្នា ដើម្បីបន្តនិរន្តរភាព នៃការអភិវឌ្ឍប្រទេសជាតិរបស់យើង៕ ទ្រី ហៀន