អភិបាលខេត្តមណ្ឌលគិរីអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងលើកទី១ ដល់កុមារអាយុ៥ឆ្នាំ នៅក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបើកដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដល់កុមារអាយុ៥ ឆ្នាំ រស់នៅក្រុងសែនមនោរម្យ ដើម្បីការពារកុមារពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់ការនៃការបើកសាលារៀនឡើងវិញទូទាំងប្រទេស ។ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កុមារនេះមានការអញ្ជើញចុះពិនិត្យពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ។

ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងដល់កុមារនៅបរិវេណមន្ទីរអប់រំ យុវជននិងកីឡាខេត្ត នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ ឆ្នាំនាពេលនេះគឺជាការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកលើកុមារដែលមានអាយុ ៥ឆ្នាំ ក្នុងគោលបំណងជំរុញឲ្យការបើកសាលាសាលាមត្តេយ្យសិក្សាឡើងវិញ ខណៈពេលដែលកុមារអាយុ ៦ឆ្នាំ រហូត ១២ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី២ និងឈានទៅដល់ការបានសាលារៀនឡើងវិញជាប្រក្រតី។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ទោះបីជាកុមារតូចៗបានចាក់វ៉ាក់សាំងហើយក្ដី ឪពុកម្ដាយអាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ត្រូវអប់រំណែនាំឲ្យកុមារតូចៗ ពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬ ជែល អោយបានញឹកញាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ឱពុកម្តាយ និងអាណាព្យាបាល ដែលមានកូនអាយុ ៥ឆ្នាំ សូមនាំកូនៗ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២០៥៩នាក់ ជាសះស្បើយសរុបចំនួន ១៣៧៦ នាក់ អ្នកស្លាប់សរុប ចំនួន ៨នាក់ និង បានចាក់វ៉ាក់សាំងលើកទី២ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង សរុបចំនួន ៣៥០៥០នាក់ ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ សរុបចំនួន ៩២៩៧នាក់ និង ពីអាយុ៦ ឆ្នាំ ដល់១២ឆ្នាំ សរុបចំនួន ៩៧៨២ នាក់៕ ដោយ ៖ ផែង ផល្លិត