ជើងឯក​អាមេរិក​ខាងត្បូង លើក​ពាន Finalissima ក្រោយ​ផ្ដួល​ជើងឯក​អឺរ៉ុប​

បរទេស ៖ ក្រុម​ម្ចាស់​ជើងឯក​មកពី​អាមេរិក​ខាងត្បូង អា​ហ្ស​ង់​ទីន បាន​លើក​ពាន Finalissima ២០២២ ក្រោយ​ផ្ដួល​ក្រុម​ជើងឯក​អឺរ៉ុប អ៊ីតាលី ក្នុង​លទ្ធផល ៣-០ នា​កីឡដ្ឋាន Wembley ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៏​នៃ​ប្រទេស​អង់គ្លេស​កាលពី​យប់មិញ​។​

​សម្រាប់​ការប្រកួត​នេះ Lionel Messi បានរួម​ចំណែក​បញ្ជូន​បាល់​ឲ្យ​ដៃគូ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ពោលគឺ​នាទី​២៨​ឲ្យ​កីឡាករ Martinez និង Dybala នាទី​៩០+៤ និង​១​គ្រាប់​ទៀត​ជាការ​បញ្ជូន​បាល់​ដោយ​កីឡាករ Martinez ឲ្យ Di Maria នាទី​៤៥+១​។ ចំណែក​ខ្សែការពារ​អ៊ីតាលី Giorgio Chiellini បាន​លេង​ក្នុង​ពាក់កណ្តាល​ទីមួយ​ហើយក៏​ជាការ​ប្រកួត​ឲ្យ​ជម្រើសជាតិ លើក​ទី​១១៨ និង​ជាការ​ប្រកួត​ចុងក្រោយ​របស់លោក​ផងដែរ​។​ ការប្រកួត​នេះ​គឺជា​លើកទីមួយ​រវាង​ម្ចាស់​ជើងឯក​ទ្វីប​ទាំងពីរ​ក្រោយ​ខកខាន​អស់​រយៈពេល ២៩ ឆ្នាំ​។​

សូមជម្រាបថា ការប្រកួត​នេះ​ធ្លាប់បាន​រៀបចំឡើង​តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ ក្នុងនោះ​លើកទីមួយ​ក្នុង​ឆ្នាំ​១៩៨៦​ដោយ​ជម្រើសជាតិ​បារាំង​បាន​យកឈ្នះ​អ៊ុយ​រុយ​ហ្គា​យ​និង​ទី​២​ក្នុង​ឆ្នាំ​១៩៩៣ ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​ដា​ណឺ​ម៉ាក​ដោយ​បាល់​ប៉េ​ណា​ល់​ទី​។​