ចូបៃដិន ប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន ៧០០លានដុល្លារដល់អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់ជំនួយយោធាថ្មី មួយក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារ លើគោលដៅក្នុងចម្ងាយ៨០គីឡូម៉ែត្រ។ នេះបើយោងតាមសារព័ត៌មាន AL Jazeera។

លោក Biden បានប្រកាសពីផែនការផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែត HIMARS ប្រកបដោយភាពជាក់លាក់ បន្ទាប់ពីទទួលបានការធានាពីទីក្រុង Kyiv ថា ខ្លួននឹងមិនប្រើប្រាស់អាវុធទាំងនោះដើម្បីវាយប្រហារគោលដៅនានានៅក្នុងទឹកដីរុស្ស៊ីនោះទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ចូ បៃដិន បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងឈរជាមួយអ៊ុយក្រែនដៃគូរបស់យើង ហើយនឹង បន្តផ្ដល់ជំនួយអាវុធ និងបរិក្ខារឱ្យអ៊ុយក្រែនដើម្បីការពារខ្លួន»។

សូមជម្រាបថា បើតាមមន្ត្រីជាន់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន ៤គ្រឿង ដំបូងទៅឱ្យអ៊ុយក្រែន ហើយអ៊ុយក្រែននឹងត្រូវចំណាយពេល ៣សប្ដាហ៍ ដើម្បីរៀនពីរបៀបប្រើប្រព័ន្ធមីស៊ីលនេះ៕