ធ្យូងប្រមាណ៥៤តោនត្រៀមលោតឆ័ត្រឆ្លងដែនចូលទៅវៀតណាមត្រូវបានសមត្ថកិច្ចចម្រុះយកទៅទុក

ខេត្ដស្វាយរៀង ៖ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ធ្យូងចំនួនប្រហែល៥៤តោនដែលត្រូវបានឈ្មួញដឹកយកមកទម្លាក់នៅមាត់ប្រឡាយទាហាន ហើយត្រៀមលើកដាក់ចូលក្នុងទូកកាណូតវៀតណាមដើម្បីឆ្លងដែនទៅប្រទេសវៀតណាមតែចេញមិនរួចនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះក្របួចទាំងអស់ ។

លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងរួចមកលោកបានដឹកនាំកំលាំងចម្រុះរួមមានៈ មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង រួមនិងអភិបាលរងស្រុកកំពង់រោទិ៍បាន ចុះមកធ្វើការត្រួតពិនិត្យហើយក៏បានធ្វើការរឹបអូសធ្យូងទាំងនោះយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។

គួររំលឹកផងដែរថា ធ្យូងចំនួន៥៤តោនទាំងអស់នេះមិនដឹងជារបស់ក្រុមហ៊ុនណាទេ ហើយមានច្បាប់ឬអត់ច្បាប់ក៏មិនបានដែរ ដែលឈ្មួញបានដឹកមកទម្លាក់បម្រុងចេញទៅប្រទេសវៀតណាមនេះបានកើតឡើងរយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដល់វេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចប្រឡាយទាហាន ច្រករបៀងស្លាបឆ្វេងនៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃអូរ ឃុំថ្មីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងបានទាក់ទងដើម្បីលក់ឲ្យទៅឈ្មួញវៀតណាមរួចហើយដែរ ក៏ប៉ុន្តែទំនងមិនត្រូវរ៉ូវគ្នា ទើបមិនទាន់អាចលើកដាក់ទូកនាំទៅប្រទេសវៀតណាមបានដូច្នេះ។

សូមបញ្ជាក់ផងដែរថា ធ្យូង គឺក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ មិនអនុញ្ញាតឲ្យនាំចេញទៅក្រៅប្រទេសទេ ហើយការជួញដូរធ្យូង ឈើនេះធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ ក្រុមឧក្រិដ្ឋកម្មព្រៃឈើ បានលួចកាប់បំផ្លាញព្រៃឈើ យកទៅដុតធ្វើធ្យូង ដែលច្បាប់ហាមឃាត់ ៕ ភក្តី