សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចប្រធាន សម្ដេចប្រធានកិត្តយស និងថ្នាក់ដឹកនាំគណបក្ស បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ គណៈកម្មាធិការបក្សគ្រប់ថ្នាក់ បេក្ខជន សមាជិក សមាជិកា អ្នកគាំទ្រ និងជនរួមជាតិទាំងអស់ដែលបានរួមគ្នាចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ តាំងពីថ្ងៃបើករហូតដល់ថ្ងៃបិទយុទ្ធនាការនាថ្ងៃនេះ។

សម្ដេចបានមានប្រសាសន៍ថាយុទ្ធនាការឃោសនានេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដែលប្រទេសជាតិមានស្ថិរភាព មានសុវត្ថិភាព ជាមួយនឹងការធានាបានប្រក្រតីភាព និងប្រសិទ្ធភាពលើគ្រប់វិស័យ ពិសេសជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ បង្កលក្ខណៈសម្បត្តិឱ្យគ្រប់គណបក្សធ្វើសកម្មភាពប្រកួតប្រជែងគ្នាដោយសេរី ដោយស្មើភាព ដោយគ្មានការភ័យខ្លាច សំដៅរួមគ្នាបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។

សម្ដេចក្រឡាហោមបានបន្តថាតាមរយៈកម្មវិធីនយោបាយ និងលក្ខណៈសម្បត្តិរបស់បេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា និងសកម្មភាពជាក់ស្តែងនៃយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ១៤ថ្ងៃមកនេះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានកំណត់បានថាមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានលទ្ធភាព សមត្ថភាព បទពិសោធន៍ និងភាពចាស់ទុំខាងនយោបាយ ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ឃុំ សង្កាត់ បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅកាន់ភាពសម្បូរសប្បាយ រុងរឿងដ៏ពិតប្រាកដ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូប ។

សម្ដេចបានគូសបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា ធានាបន្តពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ និងឯកភាពទឹកដី ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ជូនជាតិមាតុភូមិ ប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។

សម្ដេចបន្ថែមថាក្រៅពីការកសាងសមិទ្ធផលជូនជាតិមាតុភូមិ គណបក្សប្រជាជនកម្ពុជា មានគុណសម្បត្តិពិសេសក្នុងការដឹកនាំប្រទេស និងមូលដ្ឋានរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ ដូចជាគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយត្រឹមត្រូវ និងជាក់ស្តែង ទើបប្រទេសជាតិ មានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ មានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើន ទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ មានបទពិសោធន៍ដឹកនាំគ្រប់គ្រាន់ ទាំងនៅថ្នាក់ជាតិ និងនៅមូលដ្ឋានឃុំ សង្កាត់ ។

សម្ដេចបន្តថាគណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សប្រកបដោយសមត្ថភាពពិតប្រាកដក្នុងការបំពេញការងារឆ្លើយតបសេចក្តីត្រូវការប្រជាពលរដ្ឋ មានរចនាសម្ព័ន្ធរឹងមាំពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ដើម្បីផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ ព្រមទាំងអនុវត្តផ្តល់សេវាសាធារណៈ កែលម្អជីវភាពរស់នៅប្រជាពលរដ្ឋ មានកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ លើកកម្ពស់អភិបាលកិច្ចនៃគ្រប់ស្ថាប័ន និងគ្រប់ថ្នាក់ ពង្រឹងយុត្តិធម៌ សមធម៌សង្គម មានសាមគ្គីភាព និងឯកភាពរឹងមាំ និងភ្ជាប់ជីវភាពជាក់ស្តែងប្រជាពលរដ្ឋ សម្រាប់ប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍អំពីទិសដៅឈានទៅរកភាពជោគជ័យនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងការពង្រឹងដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងការព្រឹងតួនាទី ភារកិច្ច ការទទួលខុសត្រូវ សិទ្ធិ អំណាច ធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងរដ្ឋបាលឃុំសង្កាត់ដើម្បីឱ្យមានភាពម្ចាស់ការក្នុងការចាត់ចែងការងារបំរើប្រជាពលរដ្ឋជាមួយនឹងការទទួលខុសត្រូវលើប្រជាពលរដ្ឋម្ចាស់ឆ្នោត និងរាជរដ្ឋាភិបាល។

ពីវេទិការអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ដែលក៏ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតផងនោះ ក៏បង្ហើបឱ្យដឹងថារាជរដ្ឋាភិបាល បានដឹងជាមុននូវផែនការអុកឡុកដល់ដំណើរការបោះឆ្នោតពីគណបក្សនយោបាយមួយដែលសម្ដេចមិនបញ្ចេញឈ្មោះ។ សម្ដេចបានអះអាងថាក្រោយដឹងផែនការនេះហើយ រាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការបានទប់ស្កាត់ទាន់ពេលវេលា និងអំពាវនាវឱ្យអ្នកបញ្ជាផែនការនោះបញ្ឈប់សកម្មភាពជាបន្ទាន់៕