ឯកឧត្តម ព្រុំ សុខា ៖ យុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកបាភ្នំ បិទបញ្ចប់ដោយជោគជ័យ ជាមួយក្តីជឿជាក់ដ៏មុតមាំ លើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា

ខេត្តព្រៃវែង ៖ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ មន្ត្រី និងសកម្មជនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នាតាមមូលដ្ឋានភូមិ ឃុំ ទាំងអស់ក្នុងស្រុកបាភ្នំ ដើម្បីដង្ហែក្បួនយុទ្ធនាការមកជួបជុំគ្នា ចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានរៀបចំឡើងយ៉ាងមហោឡារិក នៅទីលានបាល់ទាត់ស្រុកបាភ្នំ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ដែលមានមនុស្សចូលរួមប្រមាណ១០.០០០នាក់ (មួយម៉ឺននាក់) ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅ ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនចំពោះមន្រ្តីក្រុមការងារ និងគណបក្សគ្រប់លំដាប់ថ្នាក់ សកម្មជន អ្នកគាំទ្រ និងប្រជាពលរដ្ឋស្រុកបាភ្នំទាំងមូល ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការច្បាមជាប់មូលដ្ឋានចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាជនអ្នកបោះឆ្នោតតាមខ្នងផ្ទះ ដើម្បីបញ្រ្ជាបសារនយោបាយស្តីពីសមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ពិសេសស្នាដៃដ៏ធំធេងគ្មានអ្វីប្រៀបបានរយៈពេលជាង ២ឆ្នាំកន្លងនេះ របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ស្ថិតក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិវិលត្រឡប់មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។

ទន្ទឹមនោះយុទ្ធនាការរយៈពេល១៥ថ្ងៃនេះក៏បានបញ្ជាក់អះអាងសារជាថ្មីម្តងទៀតឱ្យប្រជាជននៅគ្រប់ច្រកល្ហកឃើញច្បាស់ពីមាគ៌ា និងគោលនយោបាយឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាចំពោះបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់អនាគតរុងរឿងរបស់សង្គមជាតិកម្ពុជានៃមនុស្សគ្រប់រូប និងគ្រប់ជំនាន់។

ចុងបញ្ចប់ឯកឧត្តមដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ក្នុងស្រុកបាភ្នំទាំងមូលអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ៕