ឯកឧត្តម តឹករ៉េត សំរេច ដឹកនាំសមជិក សមាជិកាបក្សជិត៤ពាន់នាក់ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅក្រុងព្រះសីហនុ 

ខេត្តព្រះសីហនុ ៖ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅទីលានសម្តេចតេជោ (កន្ទុយនាគ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរេច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រះសីហនុ និងឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ។

លោក អ៊ី សុខឡេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ បានឲ្យដឹងថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំង៤សង្កាត់ ក្នុងក្រុងព្រះសីហនុ បានចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ នេះមានចំនួន ប្រមាណ ៣៧១១នាក់ ក្នុងនោះអមដំណើរដង្ហែរក្បួន ដោយមធ្យោបាយម៉ូតូ,ម៉ូតូកង់បីចំនួន ៨០០គ្រឿង និងរថយន្តចំនួន ៥២៩គ្រឿង។

លោក អ៊ី សុខឡេង បានបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានរយៈពេល ១២ថ្ងៃ ចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ គ្មានអំពើហិង្សា គ្មានការប្រឆាំងតវ៉ា និងគ្មានបាតុភាពអ្វីកើតឡើងនោះឡើយ។

ឯកឧត្តម តឹករ៉េត សំរេច សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានកោតសរសើរសមាជិក សមាជិការដែលបានចូលរួមយ៉ាងសកម្មក្នុងរយ:ពេល ១២ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងអាណត្តិទី៥ យើងទាំងអស់គ្នាបានចុះទៅដល់មូលដ្ឋាន គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ បានលើកទឹកចិត្ត និងបង្ហាញនូវគោលនយោបាយដ៏ល្អត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រាល់សកម្មភាពរបស់បងប្អូនជាសកម្មជនគណបក្សប្រជាជនកម្ពុជា បានបង្ហាញការបេជ្ញាចិត្តខ្ពស់ យើងសង្ឃឹមថានៅថ្ងៃបោះឆ្នោតទី៥ មិថុនាខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងនាំមកនូវជ័យជំនះដ៏ត្រចះត្រចង់សម្រាប់ក្រុងព្រះសីហនុទាំងមូល ហើយក្នុងនាមសមាជិកសមាជិការ នៃគណបក្សប្រជាជនក្រុងព្រះសីហនុ សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ដែលបានដឹកនាំនាវាកម្ពុជាឆ្លងកាត់ការលំបាកគ្រប់បបែបយ៉ាងរស់នៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទទួលបានការអភិវឌ្ឍ និងសន្តិភាព ហើយក្នុងការបោះឆ្នោតបង្ហាញពីការដឹងគុណចំពោះថ្នាក់ដឹកនាំគណបក្ស ការបោះឆ្នោតមួយសន្លឹក គឺជាការត្រឹមត្រូវមានតម្លៃសម្រាប់អាយុជីវិតយើងទាំងមូល ឆ្នោតមួយសន្លឹកដើម្បីខ្លួនឯង ការអភិវឌ្ឍនិងសុខសន្តិភាពសម្រាប់ប្រទេសជាតិរបស់យើង។

ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានថ្លែងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ថាក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមស្វាគមន៍វត្តមានបងប្អូនជនរួមជាតិ និងកោតសរសើរវាយតម្លៃចំពោះក្រុមការងារគ្រប់ថ្នាក់ បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់នៃគណបក្សប្រជាពនកម្ពុជា បងប្អូនជនរួមជាតិបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃទី២១ ខែឧសភា រហូតថ្ងៃនេះ ស្របតាមបទច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងមានសុវត្ថិភាពល្អប្រសើរ ស័ក្តសមជាគណ បក្សដែលនឹងកំពុងដឹកនាំ និងបន្តដឹកនាំប្រទេសជាតិ និងដឹកនាំឃុំ សង្កាត់ជាបន្តទៀត។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ប្រព្រឹត្តទៅក្នុងបរិយាកាសប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមយ៉ាងល្អរីកចម្រើនលើគ្រប់វិស័យក្នុងសង្គម។

ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយត្រឹមត្រូវទើបប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ មានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើនទាំងខាងនយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌ មានបទពិសោធន៍ដឹកនាំគ្រប់គ្រាន់ទាំងនៅថ្នាក់ជាតិ និងនៅមូលដ្ឋានឃុំសង្កាត់ មានធនធានមនុស្សប្រកបដោយមត្ថភាពពិត ប្រាកដក្នុងការបំពេញការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ មានរចនាសម្ព័ន្ធរឹងមាំពីថ្នាក់ជាតិ រហូត ដល់ថ្នាក់មូលដ្ឋានដើម្បីផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ ក្នុងគោលបំណងឆ្លើយតបសេចក្តីប្រកាសរបស់ប្រជាពលរដ្ឋ មានសាមគ្គីភាព និងឯកភាពរឹងមាំ ធ្វើសកម្មភាពគ្រប់បែបយ៉ាងដោយផ្សារភ្ជាប់នឹងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ សម្រាប់ប្រជាពលរដ្ឋនិងដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយឯកឧត្តមបានបន្តថាក្នុងនាមសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ដឹងគុណចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស បងប្អូនជនរួមជាតិជានិច្ចកាលធ្វើការប្ដេជ្ញាចិត្តគាំទ្រ និងរួមសុខរួមទុក្ខជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព ការអភិវឌ្ឍន៍ឃុំ/សង្កាត់ ក៏ដូចប្រទេសជាតិរយៈពេលកន្លងមក និងតទៅទៀត៕ សុភាព