
មនុស្ស៤នាក់ស្លាប់ និងច្រើនបាត់ខ្លួនក្នុងករណីបាក់រលំអគារកម្ពស់២១ជាន់នៅនីហ្សេរីយ៉ា
អាប៊ូចា ៖ ប៉ូលិសនីហ្សេរីយ៉ាបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ បន្ទាប់ពីអគារដ៏ខ្ពស់ដែលកំពុងសាងសង់មួយបានបាក់រលំ នៅក្នុងតំបន់ IKOYI រដ្ឋធានីពាណិជ្ជកម្ម Lagos របស់ប្រទេសនីហ្សេរីយ៉ា ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀតជាប់គាំងនៅខាងក្នុងអគារ។
ក្រោយពេលកើតហេតុ អាជ្ញាធរក្នុងតំបន់នោះបានបញ្ជាឲ្យអេស្កាវ៉ាទ័រ រុញបន្ទះបេតុងចេញ ដើម្បីធ្វើការស្វែងរកមនុស្សនៅក្នុងគំនរបាក់បែកនៃអគារ ២១ ជាន់នោះ។
ស្នងការប៉ូលិសទីក្រុង Lagos លោក Hakeem Odumosu បានឲ្យដឹងថា មនុស្សចំនួន៤នាក់ស្លាប់ ខណៈមកដល់ពេលនេះមនុស្ស៤នាក់ផ្សេងទៀតត្រូវបានទាញចេញពីខាងក្នុងអគារ ដែលពួកគេនៅរស់រានមានជីវិតទាំងអស់។
សូមជម្រាបថា តំបន់ Ikoyi គឺជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មដែលសម្បូរបែបជាងគេក្នុងទីក្រុង Lagos ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំនឹងមានប្រជាជនរស់នៅច្រើនយ៉ាងក្រាស់ក្រែលរបស់ប្រទេសនីហ្សេរីយ៉ា៕