ពូទីន ព្រមានថា រុស្ស៉ីនឹងបង្កើនការវាយប្រហារ បើអ៊ុយក្រែនទទួលបានមីស៊ីលចម្ងាយឆ្ងាយ

ឡុងដ៍ ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថារុស្ស៉ីនឹងបង្កើនការវាយប្រហារលើគោលដៅជាថ្មីៗជាច្រើន ប្រសិនបើសហរដ្ឋអាមេរិកចាប់ផ្ដើមប្រគល់មីស៊ីលចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS។

សម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ រ៉ូសស៊ីយ៉ា វ័ន (Rossiya-1) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះលោក ពូទីន បានព្រមានដូច្នេះ ថា «ប្រសិនបើមីស៊ីលប្រភេទនេះ (មីស៊ីលចម្ងាយឆ្ងាយ) ត្រូវបានប្រគល់ពិតមែន (ឱ្យអ៊ុយក្រែន) នោះយើងនឹងបង្កើនការវាយប្រហារលើគោលដៅទាំងនោះ ដែលយើងមិនធ្លាប់បាន វាយប្រហារពីមុនមក»។

ទោះយ៉ាងណាលោក ពូទីន មិនបានបញ្ជាក់ឈ្មោះពីគោលដៅដែលលោកបានលើកឡើងនោះទេ ដោយគ្រាន់តែនិយាយថាការបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន ពីសំណាក់បណ្ដា ប្រទេសលោកខាងលិច គឺមានគោលដៅអូសបន្លាយសង្រ្គាម។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមប្រគល់មីស៊ីលចម្ងាយឆ្ងាយ HIMARS ឱ្យអ៊ុយក្រែន ក្រោយទីក្រុងកៀវ សន្យាថាពួកគេនឹងមិនប្រើមីស៊ីលនេះ ដើម្បីវាយប្រហារលើគោលដៅនៅក្នុងទឹកដីរុស្ស៉ី ឡើយ៕