អង់គ្លេសប្រកាសផ្តល់ប្រព័ន្ធមីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​អ៊ុយ​ក្រែ​ន

ក្រុងឡុងដ៍ ៖ រដ្ឋមន្ត្រីការពារជាតិ Ben Wallace នៅថ្ងៃចន្ទនេះបានប្រកាសផ្ដល់ប្រព័ន្ធមីស៊ីល M270 ដល់អ៊ុយក្រែន ហើយដែលប្រព័ន្ធមីស៊ីលនេះអាចវាយប្រហារលើគោលដៅ ក្នុងចម្ងាយ៨០គីឡូម៉ែត្រ ជាផ្នែកមួយនៃកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ទប់ទល់នឹងទាហានរុស្ស៉ី។

នៅក្នុងសេចក្ដីថ្លែងការណ៍ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសបានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធមីស៊ីលនេះ (M270) នឹងអាចជួយឱ្យមិត្តអ៊ុយក្រែនរបស់យើង ការពារខ្លួនប្រឆាំងនឹងកាំភ្លើងចម្ងាយឆ្ងាយរបស់រុស្ស៉ី ដែលទាហានរបស់លោក ពូទីន ប្រើប្រាស់វាយប្រហារ ដោយមិនរើសមុខលើទីក្រុងជាច្រើន»។

សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្ដាហ៍មុន ក៏បានប្រកាសផ្ដល់មីស៊ីល HIMARS ឱ្យអ៊ុយក្រែនផងដែរ បន្ទាប់ពីទទួលបានការធានាពី ទីក្រុងកៀវថាពួកគេនឹងមិនប្រើប្រព័ន្ធមីស៊ីលនេះវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៉ីទេ ខណៈលោក ពូទីនបាននិយាយថាការបញ្ជូនអាវុធនេះមិនមាន អ្វីថ្មីនោះទេ តែព្រមានថានឹងចាត់វិធានការឆ្លើយតប បើអ៊ុយក្រែនទទួលបានមីស៊ីលចម្ងាយឆ្ងាយនេះ៕