រុស្ស៊ី​ព្រមាន​ថា​ ការ​ផ្គត់​ផ្គង់ប្រព័ន្ធ​​រ៉ុក្កែត​ទំនើប​​របស់​​អាមេរិក​​ អាច​​ពង្រីក​​ជម្លោះ​​អ៊ុយក្រែន

មូស្គូ ៖ អនុរ​ដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ Sergei Ryabkov ​និយាយ​​ថា​ ការ​បញ្ជូន​អាវុធ​ថ្មី​របស់​អាមេរិក​ទៅ​កាន់​អ៊ុយក្រែន​ រួម​ទាំង​ប្រព័ន្ធ​មីស៊ីល​កម្រិត​ខ្ពស់​ បង្កើន​ហានិភ័យ​នៃ​ការ​អូស​ទាញ​សហរដ្ឋអា​មេរិក​ឱ្យ​ចូល​ទៅ​ក្នុង​ជម្លោះ​ដោយ​ផ្ទាល់​ជា​មួយ​រុស្ស៊ី​។​

ការ​ព្រមាន​របស់​រុស្ស៊ី​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ចូ បៃដិន ​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា​ នឹង​​បញ្ចូន​ឱ្យអ៊ុយក្រែន​នូវ​ប្រព័ន្ធ​មីស៊ីល​កម្រិត​ខ្ពស់​ រួម​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​រ៉ុក្កែត​ទំនើប​ ​ឬ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​​ច្រើន​គ្រាប់​ HIMARS។

​លោក​ Ryabkov ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន RIA Novosti ថា​៖ «​ការ​ផ្គត់​ផ្គង់​សព្វាវុធ​បន្ត បង្កើន​ហានិភ័យ​នៃ​ការ​អភិវឌ្ឍន៍​បែប​នេះ​»​។ លោក​បន្ថែម​ថា​៖​ ​«​ធ្វើ​សង្រ្គាម​ជាមួយ​រុស្ស៊ី​នៅ​អ៊ុយក្រែន​ ​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ ​​ឱ្យ​សម្រេច​បាន​អ្វី​ដែល​គេ​ហៅ​ ការ​បរាជ័យ​ជា​យុទ្ធសាស្ត្រ​សម្រាប់​រុស្ស៊ី​»​។​​ វា​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ​ ហើយ​វា​បង្ក​គ្រោះថ្នាក់​»។​​

​​ទាំង​អ៊ុយក្រែន និង​រុស្ស៊ី​ មាន​ដាក់​ពង្រាយ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​បាញ់​ច្រើន​​រួច​មក​ហើយ​ ប៉ុន្តែ​ប្រព័ន្ធ​ HIMARS ​​មាន​សមត្ថភាព​​ខ្លាំង​ និង​ជាក់​លាក់​ខ្ពស់​ជាង​។ ប្រព័ន្ធ ​HIMARS ​មាន​សមត្ថភាព​បាញ់​គ្រាប់​រហូត​ដល់​រយៈ​ចម្ងាយ​ ៣០០​គីឡូម៉ែត្រ​ ប៉ុន្តែ​ប្រភេទ​ដែល​ទីក្រុង​វ៉ាស៊ីនតោននឹង​ផ្តល់​ឱ្យ​អ៊ុយក្រែន​​មាន​ត្រឹម​ចម្ងាយ​ប្រហែល ​៨០ គីឡូម៉ែត្រ​។

ដោយឡែកនៅថ្ងៃចន្ទនេះ ចក្រភពអង់គ្លេសក៏បានប្រកាសផ្ដល់ប្រព័ន្ធមីស៊ីល M270 ដល់អ៊ុយក្រែន ហើយដែលប្រព័ន្ធមីស៊ីលនេះអាចវាយប្រហារលើគោលដៅ ក្នុងចម្ងាយ៨០គីឡូម៉ែត្រ ៕