
កោះទន្សាយនឹងក្លាយជាតំបន់ទេសចរណ៍យ៉ាងប្រណីត និងជាកន្លែងមានភាពស្រស់ស្អាតតាមបែបធម្មជាតិនាពេលខាងមុខ
ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ក្នុងពេលអនាគតខាងមុខនេះ ឆ្នេរកោះទន្សាយនឹងត្រូវបានអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍យ៉ាងប្រណីត ខណៈក្រុមហ៊ុន ទ្រី ភាព គ្រុប ខូ.អិលធីឌី (TRY PHEAP GROUP Co,.LTD) បានចាប់ដៃគូដើម្បីអភិវឌ្ឍន៍ តំបន់ឆ្នេរកោះទន្សាយនេះឱ្យក្លាយជាកន្លែងមួយមានភាពស្រស់ស្អាត តាមបែបធម្មជាតិ។
ឯកឧត្តមថ្លែងបែបនេះក្នុងដំណើរត្រួតពិនិត្យ ស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចែកអំណោយមនុស្សធម៌ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ នៅលើកោះទន្សាយ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្តម អភិបាលខេត្តកែប បានឱ្យដឹងផងដែរថា ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញ។យ៉ាងណាមិញ ឆ្នេរកោះទន្សាយ ដែលកំពុងធ្វើការអភិវឌ្ឍន៍ ដោយក្ក្រុមហ៊ុន ទ្រី ភាព គ្រុប ខូ.អិលធីឌី (TRY PHEAP GROUP Co,.LTD) ក្នុងពេលអនាគតខាងមុខ នឹងក្លាយជាកន្លែងមួយយ៉ាងស្រស់ប្រណិត សម្រាប់បម្រើលើវិស័យទេសចរណ៍។
ដោយឡែកចំពោះការដោះស្រាយផលប៉ៈពាល់ដល់ប្រជាពលរដ្ឋដែលអាស្រ័យផលលើឆ្នេរកោះទន្សាយ បើទោះជាមានពលរដ្ឋរស់នៅទីនោះ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ឬ១០០ឆ្នាំ ក៏ចាត់ទុកជាអ្នកអាស្រ័យផល ព្រោះថាតំបន់នេះជាដែនកោះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយការដោះស្រាយនឹងធ្វើឡើងទៅតាមស្ថានភាពជាក់ស្តែង។
ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ ក៏សំណូមពរបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើកោះទន្សាយ ត្រូវផ្តល់អទិភាព និងផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុន ដែលកំពុងធ្វើការអភិវឌ្ឍន៍នៅទីនោះ។ ចុងក្រោយ ឯកឧត្តម ក៏សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើកោះទន្សាយ ត្រូវអនុវត្តវិធានការសុខាភិបាល ត្រូវមានអនាម័យ ពាក់ម៉ាស់ លាងសម្អាតដៃនឹងអាល់កុល ពិសេសអនុវត្តវិធានការ៣កុំ ៣ការពារ។
សូមជម្រាបថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនៅលើកោះទន្សាយ ចំនួន២៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥០គក្រ មី២កេះ ត្រីខ២យួរ និងថវិកាចំនួន៥ម៉ឺនរៀល។ដោយឡែកសមត្ថកិច្ចដែលប្រចាំការនៅតាមប៉ុស្តិ៍នៃដែនកោះចំនួន៤ប៉ុស្តិ៍ ដោយ១ប៉ុស្តិ៍ ទទួលបានអង្ករ៤០០គីឡូក្រាម មី១០កេះ ត្រីខ១៧យួរ និងថវិកាចំនួន១លានរៀល ផងដែរ៕ ដោយ ៖ ទ្រី ហៀន