
ថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខ និងនាំគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់សមាជិកដែលបានឆ្លងជំងឺកូវីដ-១៩
ខេត្តមណ្ឌលគិរី ៖ ដើម្បីចូលរួមរំលែកការលំបាក និងលើកទឹកចិត្តសមាជិកស.ស.យ.កស្រុក ដែលបានឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចដោយស្ម័គ្រចិត្តចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនាពេលកន្លងទៅ នៅរសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សី ទូច អនុប្រធានស.ស.យ.កខេត្ត តំណាងលោក ឈឹម កាន ប្រធាន ស.ស.យ.ក ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក អ៊ា ស៊ាងអ៊ន់ ប្រធានស.ស.យ.កស្រុកពេជ្រាដា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនរបស់ស.ស.យ.ក ខេត្ត ឧបត្ថម្ភដល់សមាជិកស.ស.យ.ក ស្រុកពេជ្រាដា ដែលកំពុងសំរាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។
លោក សី ទូច បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង នឹករលឹកពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និង លោក ឈឹម កាន ប្រធានស.ស.យ.កខេត្តមណ្ឌលគិរី ដែលជានិច្ចជាកាល ឯកឧត្តមតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់សមាជិក សមាជិកា ស.ស.យ.ក គ្រប់ៗរូប ។
លោក អនុប្រធានស.ស.យ.កខេត្ត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិង ភាពក្លាហានរបស់ក្រុមការងារ ស.ស.យ.កស្រុកពេជ្រាដាដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ក្នុងការចូលរួមសម្របសម្រួលក្នុងយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
លោក សី ទូច បានលើកទឹកចិត្តដល់សមាជិកដែលកំពុងសម្រាកព្យាបាល ត្រូវថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អ លេបថ្នាំឲ្យបានទៀងទាត់ ហាត់ប្រាណ និងគេងអោយគ្រប់គ្រាន់ ហើយក៏សូមជូនពរឲ្យឆាប់ជាសះស្បើយ មានសុខភាពល្អឡើងវិញ ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ ស.ស.យ.កខេត្ត បានឧបត្ថម្ភ អង្ករចំនួន ៥០គីឡូក្រាម មី ១កេស ទឹកសុទ្ធ១.៥លីត្រ១កេស ត្រីខ ១យួរ ម៉ាស់ ១ប្រអប់ និង ថវិកា សរុបចំនួន ៥៥០០០០រៀល ៕ ដោយ ៖ ផែង ផល្លិត