
គ្រោះរញ្ជួយដីកម្រិត ៦.១ វ៉ិចទ័រ វាយប្រហារភាគខាងកើតឥណ្ឌូណេស៊ី
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 3, 2021
ហ្សាកាតា ៖ គ្រោះរញ្ជួយដីកម្រិត ៦.១រិចទ័រ វាយប្រហារខេត្ត Maluku ភាគខាងកើត ប្រទេសឥណ្ឌូនេស៊ី ដោយមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ គ្រោះរញ្ជួយដីនេះមានជម្រៅរហូតដល់១២៣គីឡូម៉ែត្រ និងបានកើតឡើងនៅម៉ោង ២៣៖៤៣យប់ (ម៉ោងនៅហ្សាកាតា)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ ។
ទីភ្នាក់ងារឧតុនិយម និងអាកាសធាតុឥណ្ឌូណេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងនេះ មិនបានបង្កឱ្យមានរលកយក្សស៊ូណាមិណាមួយកើតឡើងនោះទេ។ គ្រោះរញ្ជួយដីនេះ មានចម្ងាយ១៣៧ គីឡូម៉ែត្រភាគពាយព្យនៃស្រុក Maluku Tenggara Barat។
សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសដែលប្រជុំដោយកោះដ៏ធំសម្បើម តែងតែរងការវាយប្រហារដោយគ្រោះរញ្ជួយដីជាញឹកញយ ខណដែលប្រទេសនេះក៏ស្ថិតនៅលើរង្វង់ភ្លើងប៉ាស៊ីហ្វិកផងដែរ៕