ឯកឧត្តម អ៊ុំ រាត្រី  អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រះរាជអាជ្ញាធរ អនុប្រធានសាលាដំបូង មេបញ្ជាការ ស្នងការ កងកម្លាំងគ្រប់ផ្នែក មន្ទីរអង្គភាព ក្រុង/ស្រុកទាំង០៩។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលល្អប្រសើរ។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រគេនជូនព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង និងប្រជាពលរដ្ឋមានអាយុ ១២ឆ្នាំដល់អាយុ ១៨ឆ្នាំ បានចាប់គ្រប់តាមផែនការជាក់ស្ដែង និងចំពោះកុមារអាយុចាប់ពី ៦ ឆ្នាំដល់អាយុក្រោម ១២ឆ្នាំ បានចាក់លើសផែនការ និងកំពុងបន្តចាក់វ៉ាក់សាំង កូវីដ១៩ដល់អាយុ ៥ឆ្នាំព្រមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ និងវិធានការនានារបស់រាជរដ្ឋាភិបាលដ៏មានប្រសិទ្ធ ភាព ធ្វើឲ្យការគ្រប់គ្រងស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យកំពុងឈានទៅរកភាពល្អប្រសើរឡើងវិញ។

ឯកឧត្តម អ៊ុំ រាត្រី បន្តថា ក្នុងឆ្នាំ២០២១ នេះរដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាឆ្នាំ ១៩៥៣ ០៩ វិច្ឆិកាឆ្នាំ២០២១ រំលឹកខួបលើកទី៦៨។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះផងដែរ អស់លោកថ្នាក់ដឹកនាំមន្ទីរអង្គភាព មេបញ្ជាការ ស្នងការនគរបាលខេត្ត ក៏បានលើកឡើងបញ្ជាក់ថា វិស័យកសិកម្ម ក្រោយពីទឹកជំនន់បានកំពុងស្រកចុះជាបណ្ដើរៗហើយនោះ ប្រជាកសិករប្រកបរបរកសិកម្ម កំពុងមមាញឹក ដើម្បីបង្កបង្កើនផល ឬស្ដារឡើងវិញ ពិសេសដំណាំស្រូវប្រាំង។

ឯវិស័យអភិវឌ្ឍន៍ជនបទ លោក ជា យុទ្ធារុណ ប្រធានមន្ទីរក៏បានលើកឡើងថា ក្នុងឆ្នាំ២០២១នេះ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមទីជនបទមានការខូចខាតតិចជាងឆ្នាំ ២០២១ហើយក្រសួងក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ និងត្រៀមជួសជុលឡើងវិញនាពេលខាងមុខនេះ។ ពាក់ព័ន្ធនឹងផ្នែកសន្តិសុខ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការភូមិភាគទិស បន្ទាយមានជ័យបានលើកឡើងថា សមត្ថកិច្ចខ្មែរយើង និងសមត្ថកិច្ចថៃ បានសហការគ្នាទប់ស្កាត់ និងបានឃាត់ខ្លួន ក្រុមមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់បានជាហូរហែ ស្ទើររាល់ថ្ងៃនោះ៕ ដោយ ៖ កំសត់