
រយៈពេល១៥០ថ្ងៃ នៃរដូវបិទនេសាទនៅខេត្តស្ទឹងត្រែង អ្នកនេសាទល្មើសជាង១.០០០នាក់ត្រូវបានឃាត់ខ្លួនយកមកអប់រំ
ខេត្តស្ទឹងត្រែង ៖ ក្នុងរយៈពេល១៥០ថ្ងៃកន្លងមកនារដូវបិទនេសាទ ហើយដោយបានបញ្ចប់កាលពីចុងខែកញ្ញាកន្លងទៅនោះដែរ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនអ្នកនេសាទល្មើសច្បាប់ នឹងយកមកអប់រំធ្វើកិច្ចសន្យាកែប្រែបានជាង១ពាន់នាក់ នៅលើចំណុចល្បាតជិត១០០កន្លែង និងបានធ្វើការរឹបអូសអួននេសាទប្រវែង៤២១០ម៉ែត្រផងដែរ នេះបើតាមការឲ្យដឹងពីលោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ។
នាយខណ្ឌជលផល បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងចំណោមអ្នកនេសាទ ដែលត្រូវបានអប់រំមានចំនួន៤៧៧នាក់ ដែល បានប្រើអួន បណ្តែតទឹកនៅក្នុងតំបន់ការពារក្នុងរដូវបិនេសាទ ។ ហើយអ្នកនេសាទចំនួន២២៦នាក់ទៀត ក៏ត្រូវបាន តម្រូវឲ្យធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ការនេសាទល្មើសបន្តទៀត ។ ចំណែកឈ្មួញ៣២នាក់ ក៏ត្រូវបានឲ្យធ្វើកិច្ចសន្យាឈប់ទិញត្រីដែលបានមកពីការនេសាទល្មើសច្បាប់នេះដែរ ។ រីឯ៥ករណីទៀត បានបញ្ជូនទៅកាន់តុលាការ ។
ក្រោយពីមានការប្រកាសព័ត៌មាន ក៏ដូចជាចុះអប់រំផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានប្រជាពលរដ្ឋ ស្តីពីច្បាប់ជលផលក្នុងរដូវបិទនេសាទកន្លងមកនេះ ដោយមានការចុះល្បាតពីសំណាក់ ឆ្មាទន្លេ.សហគមន៍នេសាទគេសង្កេតឃើញថាប្រជានេសាទ កំពុងមានការចូលរួមអភិរក្សត្រី បានល្អជាងឆ្នាំកន្លងៗទៅ ។
សូមបញ្ជាក់ថា ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានក្រើនរំលឹកដល់ប្រជា នេសាទទាំងអស់ ក្នុងរដូវបើកនេសាទនេះឡើងវិញ គឺសូមឲ្យបន្តការការពារទៅលើប្រភេទជីវចម្រុះសំខាន់ៗនៅក្នុងទឹក និងប្រភេទត្រីមេពូជជាដើម ដោយគោរពច្បាប់ស្តីពីការមិននេសាទក្នុងតំបន់ការពារ តំបន់ហាមឃាត់ ឬការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់ប្រភេទត្រីដែលកម្រ និងជិតផុតពូជ ៕ ដោយ ៖ ម៉ាវិន