
ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំពលករខ្មែរមិនត្រូវធ្វើដំណើរឆ្លងកាត់ចូលទៅតំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដោយសារមីន
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានណែនាំឲ្យបងប្អូនពលករខ្មែរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវប្រថុយប្រថាន ឬធ្វើដំណើរឆ្លងកាត់ចូលទៅតំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ជាដាច់ខាត ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ជាយថាហេតុណាមួយដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីបែបេះធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្ដម អមដំណើរដោយ ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ចុះជួបសំណេះសំណាលជាមួយពលករខ្មែរមកពីប្រទេសថៃតាមច្រកបឹងត្រួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឲ្យបងប្អូនពលករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងជំងឺកូវីដ-១៩ ត្រូវរក្សាអនាម័យជាប្រចាំ លាងដៃជាមួយទឹកសាប៊ូ ទឹកអាកុល និងពាក់ម៉ាស ទោះបីយើងបានចាក់វ៉ាក់សាំងហើយក៏ដោយ និងសូមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ ក៏ដូចជាត្រូវតែទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អោយបានគ្រប់ៗគ្នា ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានត្រៀមរួចជាស្រេចសម្រាប់ពលករខ្មែរ និងកូនខ្មែរទាំងអស់គ្នា៕ ដោយ ៖ កំសត់