CPP ចេញសេចក្តីថ្លែងការណ៍ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា (CPP) នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។

តាមរយៈសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។

គណបក្សនេះបានកត់សម្គាល់ថា គ្រប់គណបក្ស ដែលបានចូលរួមបោះឆ្នោតមានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទបញ្ញត្តិនៃច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋខ្មែរជាង៨០% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងពេញ លេញនូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ដោយបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសតាំងតំណាងដែលខ្លួនពេញចិត្តឱ្យបន្តដឹកនាំឃុំ សង្កាត់ ពី ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ បន្តទៀត៕