
ប្រធានាធិបតី ឥណ្ឌូណេស៊ីសន្យានឹងនាំសារលោក Zelensky ទៅកាន់លោក ពូទីន
ហ្សាការតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Kyiv ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ក្នុងជំនួបនោះ លោក Widodo បាននិយាយថា លោកកំពុងរៀបចំផែនការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូបន្តទៀត ហើយខណនោះលោកអាចនឹងបញ្ជូនសាររបស់លោក Zelensky ទៅកាន់មេដឹកនាំរុស្ស៊ី លោក Vladimir Putinផងដែរ។
លោកប្រធានាធិបតីឥណ្ឌូណេស៊ីថ្លែងថា” ខ្ញុំបានស្នើឱ្យផ្ញើសារពី Zelensky ទៅកាន់ប្រធានាធិបតីពូទីន ដែលនឹងឃើញក្នុងពេលឆាប់ៗនេះ។ប៉ុន្តែគេមិនទាន់ដឹងថា តើលោកZelenskyនឹងមានប្រតិកម្មយ៉ាងណាចំពោះសំណើនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មុននេះធ្លាប់បាននិយាយថា ការចូលរួមរបស់ប្រទេសលោកនៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី នឹងពឹងផ្អែកលើ “អ្នកចូលរួម” នៃកិច្ចប្រជុំកំពូលនេះ ខណដែល ព្រឹត្តិការណ៍កិច្ចប្រជុំG20 ដែលគ្រោងធ្វើនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ខាងមុខនៅកោះបាលី៕