
ពូទីន ព្រមានថា រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបភ្លាមៗ បើ ណាតូ ដាក់ពង្រាយកងទ័ព និងសព្វាវុធលើទឹកដីស៊ុយអែត និងហ្វាំងឡង់
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះបានព្រមានថា រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបយ៉ាងសមាមាត្រ ប្រសិនបើ ណាតូ ដាក់ពង្រាយកងទ័ព និងសព្វាវុធ ឬក៏ហេដ្ឋារចនាសម្ព័ន្ធយោធា នៅលើទឹកដីហ្វាំងឡង់ និងស៊ុយអែត បន្ទាប់ពីប្រទេសទាំង២ ត្រូវបានអនុញ្ញាតឱ្យចូលបក្សសម្ព័ន្ធយោធាមួយនេះ។
ការព្រមានរបស់លោក ពូទីន ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសតួកគីដែលជាសមាជិកណាតូបានសម្រេចចិត្តលុបចោលការវេតូរបស់ខ្លួន មិនឱ្យហ្វាំងឡង់ និងស៊ុយអែត ចូលណាតូ ក្រោយប្រទេសទាំង៣ យល់ព្រមការពារសន្តិសុខគ្នាទៅវិញទៅមក។
លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី ក្រោយកិច្ចពិភាក្សាជាមួយមេដឹកនាំនៃអតីតរដ្ឋសហភាពសូវៀត ក្នុងប្រទេស តួកម៉េនីស្ថាន។ លោក ពូទីនបានគូសបញ្ជាក់ដូច្នេះថា «ជាមួយស៊ុយអែត និងហ្វាំងឡង់ យើងមិនមានបញ្ហាជាមួយពួកគេដូចដែលយើងមាន បញ្ហាជាមួយអ៊ុយក្រែននោះទេ។ ពួកគេចង់ចូលណាតូ អូខេ ចូលចុះ។ ក៏ប៉ុន្តែ ពួកគេត្រូវយល់ថា ប្រសិនបើកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធ យោធាត្រូវបានដាក់ពង្រាយនៅទីនោះ នោះយើងនឹងធ្វើការឆ្លើយតបយ៉ាងសមាមាត្រ»៕