រដ្ឋបាលខេត្ត​កែបទទួលអំណោយពីសមាគមន៍អចលនទ្រព្យសកល ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្ត

ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ នៅរសៀលថ្ងៃពុធ​ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១​ បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជនមកពីសមាគមន៍អចលនទ្រព្យសកល «​GRA»​ ដែលជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តកែប​។

ក្នុងឱកាស​នោះដែរ​ ឯកឧត្ដម​ អភិបាលខេត្ត​ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់សមាគមន៍អចលនទ្រព្យសកល (GRA) ដែលបានផ្ដល់ជំនួយឧបត្ថម្ភ ជាតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្តកែប ក្នុងគោលដៅរួមគ្នាតែមួយ ដើម្បីជួយផ្គត់ផ្គង់ ដោះស្រាយការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
បច្ចុប្បន្ននេះកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត​ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពី សុខមាលភាព​ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាចម្បង។

ឯកឧត្តមបញ្ជាក់ថា ដោយឡែកសម្រាប់ខេត្តកែប ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ក៏បាននឹងកំពុងយកចិត្តទុកដាក់ ជម្នះរាល់ឧបសគ្គ ក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ និងកាត់ផ្តាច់នៅជំងឺដ៏កាចសាហាវមួយនេះ កុំឲ្យបន្តចម្លងចូលមកក្នុងភូមិសាស្ត្រនៃខេត្តកែប បន្តទៀត។ ចំពោះអំណោយទាំងនេះ ឯកឧត្តមក្នុងនាមរដ្ឋបាលខេត្តកែប និងចាត់ចែងឲ្យចំគោលដៅដើម្បីបានប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសយកទៅជួយ ដោះស្រាយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានការខ្វះខាតនៅក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា។

អំណោយរបស់សមាគមន៍អចលនទ្រព្យសកល ដែលបានប្រគល់ជូនរដ្ឋបាលខេត្តកែប រួមមាន ៖​ ម៉ាស់ ៥០,០០០ម៉ាស់​ ទឹកអាល់កុលសម្រាប់សំលាប់មេរោគ ៥០កាន​ បំពង់ទឹកស្រ្ពាយ៍បាញ់សំលាប់មេរោគ​ ១០០ដប​ ទឹកសុទ្ធ ១០០កេស និងថវិកាចំនួន ១០លានរៀល​៕ ដោយ ៖ ទ្រី ហៀន