
រដ្ឋបាលខេត្តមណ្ឌលគិរីបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២៩ អាណត្តិទី៣
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរីបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកី២៩ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ជាក់ ម៉េងហ៊ាង អភិបាលខេត្តស្ដីទី និងមានវត្តមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្តចំនួន៥រូប ប្រធាន អនុប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងសែនមនោរម្យ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។ ដោយឡែកចំពោះស្រុកទាំងបួន បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ Zoom ។
កិច្ចប្រជុំខាងលើនេះមានរបៀបវារៈចំនួន ៣ គឺ
១-កិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែ តុលាឆ្នាំ ២០២១
២-កិច្ចប្រជុំឆ្លងរបាយការណ៍ត្រីមាសទី ៣ ឆ្នាំ ២០២១
៣-បញ្ហាផ្សេងៗ
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិស្វាគមន៍ និងបានអនុញ្ញាតឲ្យមន្ទីរអង្គភាពជំនាញលើកឡើងពីការអនុវត្តការងារ បញ្ហាប្រឈម ដំណោះស្រាយ ដែលអង្គភាពបានជួបប្រទះពេលកន្លងមក និងបានសាកសួរពាក់ព័ន្ធនិងករណីផ្សេងៗអង្គភាពជំនាញមិនទាន់បានដោះស្រាយកាលពីខែមុន ដើម្បីតាមដាន ផ្ដល់យោបល់ និងជំរុញឲ្យមានការដោះស្រាយបញ្ហាទាំងនោះឲ្យបានឆាប់រហ័ស ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឲ្យមន្ទីរ អង្គភាពជំនាញនិងអាជ្ញាធរក្រុងស្រុកទាំង ៥ ត្រូវខិតខំដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ បម្រើសេវាសាធារណៈឲ្យបានត្រឹមត្រូវ ឆាប់រហ័ស និង ត្រូវតម្កល់ផលប្រយោជន៍ជាតិ ប្រជាជនជាធំ ។ ក្រៅពីនេះ ឯកឧត្តម ម៉ែន ង៉ុយ បានសំណូមពរដល់មន្ទីរអង្គភាពក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមរៀបចំចងទង់ជាតិ លំអតាមគេហដ្ឋាន មន្ទីរ អង្គភាព ដើម្បីអបអរសាទរបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ដែលរដ្ឋបាលខេត្តមណ្ឌលគិរី នឹងប្រារព្ធធ្វើជាឱឡារិកនាពេលខាងមុខនេះ។
មានមតិនៅក្នុងកិច្ចប្រជុំនោះ លោក ជាក់ ម៉េងហ៊ាង អភិបាលខេត្តស្ដីទី បានរាយការណ៍ពីបញ្ហាផ្សេងៗ ដែលរដ្ឋបាលខេត្តកំពុងជួបប្រទះ និងដោះស្រាយ ក្នុងនោះឯកឧត្តម សង្កត់ធ្ងន់ទៅលើបញ្ហាទំនាស់ដីធ្លី និងបញ្ហាការប្រមូលចំណូលមិនមែនសារពើពន្ធ ។ លោក បានបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីនៅខេត្តមណ្ឌលគិរី ភាគច្រើនមានភាពសាំញាំ ស្មុគស្មាញ ដោយសារតែមានការពាក់ព័ន្ធជាមួយនឹងដីសម្បទានសេដ្ឋកិច្ច ដីដែនជម្រក ដីសហគមន៍ និងដីអាស្រ័យផលរបស់បងប្អូនជនជាតិដើមភាគតិច ។ តែទោះបីជាយ៉ាងនេះក្ដី គណៈអភិបាលខេត្ត នឹងខិតខំដោះស្រាយបញ្ហាទាំងនេះឱ្យបានត្រឹមត្រូវ ដោយគិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាចម្បង ។
ចំពោះចំណូលមិនមែនសារពើពន្ធ លោកអភិបាលខេត្តស្ដីទី បានជំរុញដល់អភិបាលក្រុងស្រុកទាំង ៥ ត្រូវធ្វើការណែនាំដល់អង្គភាពច្រកចេញចូលតែមួយ ឲ្យខិតខំប្រមូលចំណូលផ្សេងៗ ទៅតាមវិស័យនិមួយៗដែលបានកំណត់ ដើម្បីបង្កើនចំណូលថវិកាជាតិ ៕ ដោយ ៖ ផែង ផល្លិត