
ទេសរដ្ឋមន្រ្តី លី ធុជ ៖ ចិនជាមិត្តដ៏ល្អ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលជួបគណៈប្រតិភូចិន ដឹកនាំដោយព្រះតេជគុណ Zhao Xin ក្នុងពិធីប្រគល់-ទទួលអំណោយរបស់សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជូនអាជ្ញាធរមីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា និងប្រទេសចិន ហើយបានចាត់ទុកប្រទេសចិន ជាមិត្តដ៏ល្អ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។
ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរ មីន បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់គណ:ប្រតិភូចិន ដឹកនាំដោយព្រះតេជគុណ Zhao Xin ដែលបានឧបត្តម្ភជូន អង្ករ ២៥គីឡូ ចំនួន ៥០បាវ អាកុល ចំណុះ ៣០លីត្រ ចំនួន ៥កាន និងម៉ាសចំនួន ១៥០០០ បន្ទះ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយប្រជាជនក្រីក្រនៅខេត្តស្វាយរៀង៕