
ពូទីន ៖ រុស្ស៊ីគ្រោងដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅឆ្នាំក្រោយ
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កងទ័ពជើងទឹករបស់ប្រទេសលោកនឹងចាប់ផ្តើមដាក់ពង្រាយនូវមីស៊ីលល្បឿនលឿនជាងសំឡេងនៅឆ្នាំក្រោយនេះ។
លោក ពូទីន បានប្រកាសប្រាប់មន្ត្រីការពារជាតិកំពូលនៅទីក្រុង Sochi កាលពីថ្ងៃពុធថា ការតេស្តសាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង Zircon កាន់តែខិតជិតមកដល់ហើយ។ លោក ពូទីន បញ្ជាក់បន្ថែមថា មីស៊ីលនេះអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ៥ដង។
ជាមួយគ្នានេះ លោក ពូទីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍន៍ និងណែនាំបច្ចេកវិទ្យាសម្រាប់ផលិតសព្វាវុធថ្មីៗ ដែលមានសមត្ថភាពទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាពីបរទេសដែលជាសត្រូវនឹងខ្លួន។
សូមជម្រាបថា ក្រសួងការពារជាតិរុស្ស៊ី កាលពីខែ តុលា បានបញ្ចេញវីដេអូនៃការបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលល្បឿនលឿនជាងសំឡេងពីនាវាមុជទឹក។ មីស៊ីលទាំងនេះត្រូវបានគេរាយការណ៍ថា អាចនឹងពិបាកក្នុងការស្ទាក់ចាប់ ព្រោះវាអាចផ្លាស់ប្តូរគន្លងនៅក្នុងការហោះហើររបស់វា។
ដោយឡែក សហរដ្ឋអាមេរិក និងចិនក៏បាននិងកំពុងអភិវឌ្ឍលើមីស៊ីលល្បឿនលឿនជាងសំឡេងនេះផងដែរ ខណៈកាលពីខែកញ្ញាកន្លងទៅ កូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលប្រភេទលឿនជាងសំឡេងនេះទទួលបានជោគជ័យផងដែរ៕