
អង់គ្លេសជាប្រទេសដំបូងគេនៅលើពិភពលោកដែលអនុម័តឲ្យប្រើថ្នាំគ្រាប់ការពារជំងឺកូវីដ របស់ក្រុមហ៊ុន Merck
ញូវយ៉ក ៖ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលអនុម័តឲ្យប្រើថ្នាំគ្រាប់ការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Merck & Co Inc (MRK.N) និងក្រុមហ៊ុន Ridgeback Biotherapeutics ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីបង្កើនយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាត។ នេះបើយោងតាមសារព័ត៌មាន Reuter។
ទីភ្នាក់ងារនិយតករឱសថ និងផលិតផលថែទាំសុខភាពរបស់ចក្រភពអង់គ្លេស (MHRA) បានណែនាំឲ្យប្រើថ្នាំ molnupiravir សម្រាប់ផ្ដល់ជូនដល់អ្នកជំងឺកូវីដ១៩ កម្រិតស្រាលទៅមធ្យមដែលអ្នកជំនាញបញ្ជាក់ថា វាអាចទប់ស្កាត់ការវិវត្តន៍នៃជំងឺទៅរកសភាពធ្ងន់ធ្ងរបាន។
ថ្នាំគ្រាប់នេះដែលមានម៉ាក Lagevrio នៅចក្រភពអង់គ្លេស ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីទិន្នន័យ កាលពីខែមុន ដោយបង្ហាញថា វាមានប្រសិទ្ធភាពកាត់បន្ថយអត្រាស្លាប់ និងជំងឺធ្ងន់ធ្ងរ បានពាក់កណ្តាលសម្រាប់អ្នកដែលមានហានិភ័យខ្ពស់បំផុតនៃការវិវត្តទៅជាធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ ។
សូមជម្រាបថា ក្រុមហ៊ុន Merck បានប្រកាសថា ខ្លួនគ្រោងនឹងផលិតថ្នាំនេះចំនួន១០លានគ្រាប់ទៀត នៅបំណាច់ឆ្នាំនេះ និងហោចណាស់២០លានគ្រាប់នៅឆ្នាំ២០២២៕