
ចិន ៖ របាយការណ៍មន្ទីរបញ្ចកោណ អំពីក្បាលគ្រាប់នុយក្លេអ៊ែរចិន គឺគ្មានមូលដ្ឋានទាល់តែសោះ
វ៉ាស៊ីនតោន ៖ ទីក្រុងប៉េកាំងបានវាយបកទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ដោយហៅរបាយការណ៍មន្ទីរការពារជាតិអាមេរិកបញ្ចកោណ អំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរចិននោះថា «គ្មានមូលដ្ឋានសោះតែម្តង»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
មន្ទីរបញ្ចកោណអាមេរិកបានលើកឡើងថា ប្រទេសចិនកំពុងវិនិយោគ និងពង្រីកចំនួននុយក្លេអ៊ែរទាំងនៅលើដីគោគ ផ្លូវទឹក និងផ្លូវអាកាស ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីគាំទ្រដល់ការពង្រីកកម្លាំងនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន។
ការឆ្លើយតបរបស់ចិនខាងលើនេះ បានកើតមានឡើង បន្ទាប់ពីមន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានបញ្ចេញរបាយការណ៍ចុងក្រោយមួយ នៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសចិនកំពុងតែបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ យ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ហើយវានឹងបន្ថយគម្លាតរវាងសហរដ្ឋអាមេរិក។
ជុំវិញរបាយការណ៍ថ្មីខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានធ្វើការឆ្លើយតបនៅថ្ងៃព្រហស្បតិ៍នេះ ពីរដ្ឋធានីប៉េកាំងយ៉ាងដូច្នេះថា «របាយការណ៍ដែលត្រូវបានបញ្ចេញ ដោយក្រសួងការពារជាតិអាមេរិក ដូចជារបាយការណ៍ដែលស្រដៀងគ្នាពីមុន… វាគឺជាការមិនទទួលស្គាល់ការពិត និងពោពេញដោយភាពគ្មានមូលដ្ឋាន»។
អ្នកនាំពាក្យចិនរូបនេះបានចាត់ទុកទៀតថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់របាយការណ៍ថ្មីនេះ ដើម្បីជំរុញឲ្យមានការជជែកដេញ ដោល អំពីការគំរាមកំហែងដោយនុយក្លេអ៊ែរចិន ដែលតាមការពិតទៅ គឺសហរដ្ឋអាមេរិកទៅវិញទេទើបជាប្រភពធំបំផុត នៃការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ នៅលើពិភពលោកយើងនេះ។
សូមជម្រាបថា កាលពីមួយឆ្នាំមុន របាយការណ៍ពីមន្ទីរបញ្ចកោណរបស់ចិន បានឲ្យដឹងថា ប្រទេសរបស់ខ្លួនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ២០០ គ្រាប់ ហើយគ្រោងនឹងបង្កើនទ្វេដងនៅឆ្នាំ ២០៣០ ខាងមុខ៕