ប្រជាការពារ១១រូប ទទួលឯកសណ្ឋានសម្រាប់បំពេញការងារ ក្រោយស្ម័គ្រចិត្តចូលបម្រើជាប្រជាការពារភូមិដោយពុំគិតពីកម្រៃគោលនយោបាយ

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនៅភូមិព្រៃស្លឹក ក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ចំនួន១១រូប ទទួលបានឯកសណ្ឋានប្រជាការពារភូមិ ក្រោយស្ម័គ្រចិត្តចូលរួមចំណែកជាមួយអាជ្ញាធរក្នុងបុព្វហេតុការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អំណោយជាឯកសណ្ឋានទាំងនេះ ត្រូវបានផ្តល់ជូនដល់ប្រជាការពារស្ម័គ្រចិត្តទាំង១១រូប នូវថវិកាផ្ទាល់ខ្លួន ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ឯម សារួន ស្នងការរងទទួលផែនអន្តោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងលោកជំទាវ នាព្រឹកថ្ងៃទី០៥ ខែវិចិ្ឆកាឆ្នាំ២០២១ នៅក្នុងបរិវេណវត្ត ក្នុងភូមិព្រៃស្លឹក ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់ភេបានលើកឡើងឲ្យដឹងថា កន្លងមក ក្នុងមូលដ្ឋានភូមិ/ឃុំ បានជួបប្រទះនូវបញ្ហាមួយចំនួន ក៏នឹងបានដោះស្រាយរួចមកហើយដែរ ដែលបញ្ហាទាំងនោះមានដូចជា បទល្មើសកាប់ទន្ទ្រានព្រៃឈើ ករណីគ្រោះថ្នាក់ចរាចរណ៍ ករណីហិង្សា ករណីលួច ករណីចែកចាញ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម ។ ហើយករណីទាំងនេះ ក៏ត្រូវមានការចាំបាច់មានអ្នកផ្តល់ព័ត៌មានឲ្យបានទាន់ហេតុការណ៍ ដើម្បីអាជ្ញាធរមានសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ និងបង្រ្កាបទាន់ពេលវេលាផងដែរ ។

លោក សែម ស៊ីថា អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ ក៏បានលើកឡើងក្នុងគ្រានោះដែរថាៈ វត្តមានបងប្អូនដែលបានស្ម័គ្រចិត្តបំរើប្រជាពលរដ្ឋ និងសង្គម គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការជួយឲ្យរដ្ឋបាលប៉ុស្តិ៍ ក្នុងភូមិ/ឃុំ ងាយស្រួលក្នុងការគ្រប់គ្រងស្ថានការសន្តិសុខមួយផ្នែកទៀតយ៉ាងមានប្រសិទ្ធភាព ថ្វីត្បិតតែការងារជាប្រជាការពារនេះ គឺពុំមានកម្រៃ គោលនយោបាយណាមួយ ក៍ពិតមែន តែក៏ត្រូវយល់ពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់ ហើយមួយផ្នែកទៀតនោះក្នុងនាមជាប្រជាការពារ គឺពុំមានតួនាទីក្របខណ្ឌទេ ហើយក៏ពុំមានសិទ្ធិក្នុងការចងក្រងសំណុំរឿងដូចប៉ុស្តិ៍រដ្ឋបាល ឬសមត្ថកិច្ចនោះដែរ ។ តែ ប្រជាការពារយើងត្រូវចេះស៊ើប និងស្រាវជ្រាវនូវរាល់បទល្មើស ក៏ដូចជាតាមដានសកម្មភាពជនមិនស្គាល់មុខ ក្រែងអាចបន្លំខ្លួនក្នុងការធ្វើសកម្មភាពផ្សេងៗ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ លោកអធិការ បានបន្តថាៈប្រជាការពារត្រូវតាមដានលើករណីដូចជា ការប្រើអំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ផ្សេងៗ បទល្មើសទូទៅ ជាពិសេសការចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ដូចនេះប្រជាការពារយើងត្រូវរាយការណ៍ទៅឲ្យលោកមេប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើរបាយការណ៍ជូនលោកមេឃុំ និងរកវិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា ។

លោក អឿន ខេន មេឃុំអន្លង់ភេ បានលើកទឹកចិត្តដល់ក្រុមប្រជាការពារទាំង១១រូប ដែលបានស្ម័គ្រចិត្តចូលរួមចំណែកការពារសង្គមជូនប្រជាពលរដ្ឋ ដែលពួកគាត់បានលះបង់ពេលវេលា និងការងារផ្ទាល់ខ្លួន ក្រៅពីការរកចំណូលផ្គត់ផ្គង់គ្រួសាររបស់ខ្លួន ថែមទាំងចូលរួមចំណែកជួយដល់សង្គមថែមទៀត បើទោះបីជាដឹងថា ការងារនេះមិនមានប្រាក់ខែ ឬប្រាក់ចំណូលយ៉ាងណាក្តីក៏នៅតែស្ម័គ្រចិត្តចូលបំរើការងារនេះមិនរាថយ ។

លោកឧត្តមសេនីយ៍ត្រី អែម សារួន ស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង បានថ្លែងនៅក្នុងឱកាសនោះថាៈដោយមើលឃើញពីភាពអសន្តិសុខ មួយចំនួននៅក្នុងភូមិឃុំខាងលើ ស្របពេលដែលប្រជាពលរដ្ឋស្ម័គ្រចិត្តចូលបម្រើការងារជាប្រជាការពារ លោកនិងភរិយា បានជួយឧបត្ថម្ភនូវឯកសណ្ឋានចំនួន១១ឈុត សម្រាប់បំពាក់ជូនប្រជាការពារទាំង១១រូប ដើម្បីជាការលើកទឹកចិត្តជូនពួកគាត់ ក្នុងកិច្ចការបំរើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ក៏បានសំណូមពរដល់ប្រជាការពារទាំង១១រូបខាងលើនេះ សូមឲ្យមានការរួមចំណែកនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឲ្យបានល្អ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបញ្ជៀសបានពីភាពសន្តិសុខនានា កុំមានការប៉ះពាល់ដល់គោលនយោបាយ ក៏ដូចជារក្សាឲ្យបាននូវភូមិ/ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ៕ ដោយ ៖ ម៉ាវិន