ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧

ភ្នំពេញ ៖ ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (27th ATM Meeting) និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (27th ATM Meeting) និងកិច្ចប្រជុំ ពាក់ព័ន្ធនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១។

អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់លើបញ្ហា ដែលនៅសេសសល់មួយចំនួនរួមមាន៖ ការអញ្ជើញ និងការឆ្លើយតបពីភាគីពាក់ព័ន្ធក្នុងការចូលរួមកិច្ចប្រជុំ របាយការណ៍លម្អិតអំពីកម្មវិធីបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ការពិនិត្យលើការរៀបចំប្រព័ន្ធវីដេអូ និងប្រព័ន្ធសំឡេងសម្រាប់ដំណើរការនៃកិច្ចប្រជុំពាក់ព័ន្ធ និងការជំរុញរៀបចំអត្ថបទដឹកនាំ (Script) កិច្ចប្រជុំស្របតាមរបៀបវារៈនៃកិច្ចប្រជុំសំខាន់ៗផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញពាក់ព័ន្ធរៀបចំអត្ថបទដែលត្រូវចុះផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិឱ្យមានខ្លឹមសារ ដើម្បីរំលេចឱ្យ ឃើញពីសមិទ្ធផលសំខាន់ៗក្រោមដំបូលសន្តិភាព នៃរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ទាក់ទងនឹងការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដើម្បីបង្ហាញមុខមាត់កម្ពុជា លើឆាកអន្តរជាតិបានជ្រួតជ្រាប។

គួរកត់សម្គាល់ផងដែរថា នេះជាលើកទីបីហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលក្នុងនោះ៖ កិច្ចប្រជុំលើកទីមួយបានប្រព្រឹត្តទៅនៅឆ្នាំ២០០៤

លើកទីពីរនៅឆ្នាំ២០១២ និងលើកទីបីនៅឆ្នាំ២០២១នេះ ហើយយោងតាមរបាយការណ៍របស់គណៈកម្មការ និងអនុគណៈកម្មការត្រៀមរៀបចំ បានឱ្យដឹងថា ការងារត្រៀមរៀបចំកិច្ចប្រជុំលើកនេះ ជាទូទៅ វឌ្ឍនភាពសរុបសម្រេចបាន៩៥%ហើយគិតរហូតមកទល់ពេលនេះ៕