សកម្មភាពកាប់ឈើក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាគ្មានការទប់ស្កាត់

ខេត្តមណ្ឌលគីរី ៖ ប្រជាពលរដ្ឋបានរាយការណ៍ថា សកម្មភាពកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី នៅតែបន្តកើតមាន និងគ្មានការទប់ស្កាត់ ហើយក្រុមឈ្មួញរកស៊ីឈើតែងតែធ្វើសកម្មភាពដឹកជញ្ជួនឈើចេញពីតំបន់ខាងលើនេះយ៉ាងរលូនជារៀងរាល់យប់ ប៉ុន្តែមិនឃើញមានការបង្ក្រាបពីមន្ត្រីជំនាញ ឬសមត្ថកិច្ចឡើយ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានសេចក្តីរាយការណ៍ថា មានគោយន្តដឹកឈើចំនួន៥គ្រឿង សុទ្ធសឹងជាប្រភេទឈើសុក្រំ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា លុះមកដល់ចំណុចភូមិចោងម៉ោង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ក៏បានជួបប្រទះជាមួយក្រុមអ្នកសារព័ត៌មាន និងបានរាយការណ៍ទៅលោកមេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី ដើម្បីចុះបង្ក្រាបតែទូរស័ព្ទខលចូលពុំមានអ្នកទទួល។

ដោយឡែកលោក ព្រំ បុលរតនៈ ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ក៏មិនអាចសាកសួរអំពីព័ត៌មាននេះបានឡើយ ព្រោះទូរស័ព្ទរបស់លោកមិនអាចធ្វើការទំនាក់ទំនងបាន។

បើតាមប្រភពពីប្រជាពលរដ្ឋទំនងអាចយកជាការបាននិយាយថា ក្បួនគោយន្តដឹកឈើខាងលើនេះ គឺជារបស់ឈ្មួញឈ្មោះ ហួរ បាននាំគ្នាទៅកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី និងធ្វើការដឹកជញ្ជូនជារៀងរាល់ថ្ងៃ គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ានបង្ក្រាបទេ សង្ស័យអាចមានការឃុបឃិតគ្នាពីមន្ត្រីជំនាញ ហើយនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ទើបមិនឃើញមានការទប់ស្កាត់ ឬក៏បង្ក្រាបយ៉ាងដូច្នេះ៕ ដោយ ៖ ផែង ផល្លិត