រដ្ឋមន្ត្រីទេសចរណ៍ ៖ ចរន្តភ្ញៀវទេសចរនៅតែកើនឡើង ដោយសប្ដាហ៍ទី១ខែវិច្ឆិកា មានភ្ញៀវជាង១៧ម៉ឺននាក់ចេញដើរកម្សាន្ត

ភ្នំពេញ ៖ ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖

* ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣៧,៦៤១ នាក់

* រាជធានីភ្នំពេញទទួលបានភ្ញៀវ ៣៥,២១០ នាក់

* ខេត្តកំពតទទួលបានភ្ញៀវ ១៦,៥០១ នាក់

* ខេត្តសៀមរាបទទួលបានភ្ញៀវ ១៥,១០០ នាក់

* ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវ ១០,៤៤៧ នាក់។

ជាការកត់សម្គាល់របស់ឯកឧត្ដម ថោង ខុន ទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិ ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែមានភាពសកម្មនៅរៀងរាល់ចុងសប្តាហ៍។

ឯកឧត្ដមបានបន្តថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេសបានបើកដំណើរការទទួលភ្ញៀវទេសចរ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានផ្អាកសកម្មភាពកន្លងមក ក៏បានរៀបចំដើម្បីទទួលភ្ញៀវទេសចរ ក៏ដូចជាត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកខាងមុខផងដែរ។

ចំពោះការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានសង្កេតឃើញថា ទាំងម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរមានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានាកាន់តែសកម្ម ពិសេសវិធានការ «៣កុំ និង ៣ការពារ» ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្ម៕ (ក្រសួងទេសចរណ៍)