
ប្រទេសចំនួន ៩០ ដាក់សំណើទិញថ្នាំការពារកូវីដរបស់ក្រុមហ៊ុន Pfizer ក្រោយដឹងប្រសិទ្ធភាព
វ៉ាស៊ីនតោន ៖ ប្រទេសចំនួន ៩០ កំពុងដាក់សំណើចរចាជាមួយនឹងក្រុមហ៊ុន Pfizer Inc លើកិច្ចសន្យានាំចូលនូវថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ ១៩ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការវិវត្តន៍នៃជំងឺទៅរកសភាពធ្ងន់ធ្ងរ និងស្លាប់បាន។
លោក Albert Bourla នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer បាននិយាយថា ក្រុមហ៊ុននេះនឹងកំណត់តម្លៃថ្នាំគ្រាប់របស់ខ្លួនសម្រាប់ការព្យាបាល ដែលតម្លៃរបស់វាអាចនឹងប្រហាក់ប្រហែលថ្នាំគ្រាប់ប្រភេទ Molnupiravir របស់ក្រុមហ៊ុន Merck & Co Inc ផងដែរ។
គួរបញ្ជាក់ថា ការចរចានេះបានកើតឡើង បន្ទាប់ពីថ្នាំគ្រាប់ការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer នេះ បានប្រកាសថា ថ្នាំរបស់ខ្លួនអាចកាត់បន្ថយហានិភ័យនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ដល់ទៅ ៨៩ ភាគរយ ចំពោះអ្នកជំងឺដែលឆ្លងវីរុសនេះ៕