
សហគមន៍នានានៅដែនជម្រកសត្វព្រៃកែវសីម៉ាទទួលបានថវិកាប្រមាណ៦០ម៉ឺនដុល្លារពីការលក់ឥណទានកាបូន
ខេត្តមណ្ឌលគិរី ៖ ក្រោមការតាំងចិត្ត និងគោលនយោបាយការពារធនធានធម្មជាតិ ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានក្រសួងបរិស្ថាន ជាសេនាធិការ កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងចំណោមប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ លើកិច្ចការងារលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត។
សម្រាប់ឆ្នាំ២០២២នេះ កំណើននៃការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានចំនួន៦០ម៉ឺនដុល្លារ សម្រាប់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលមានចំនួនគុណនឹង៣ដង បើប្រៀបធៀបនឹងឆ្នាំ២០២១។
លោកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមា នៃអង្គការ WCS បានឱ្យដឹងថា «សម្រាប់ឆ្នាំ២០២២នេះ ការលក់ឥណទានកាបូនក្នុងទីផ្សារស័គ្រចិត្តបានថវិកាចំនួន៦០ម៉ឺនដុល្លារអាមេរិក ដែលមានចំនួនកើនឡើង៣ដង បើធៀបនឹងឆ្នាំ២០២១ ដោយមានការបែងចែកតាមភូមិចំនួន២០ ទៅតាមពិន្ទុរបស់ខ្លួន ក្នុងការចូលរួមការពារធនធានធម្មជាតិ»។
លោកស្រី បានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៣ ខាងមុខនេះ ថវិកានៃការលក់ឥណទានកាបូនក្នុងទីផ្សារស័គ្រចិត្ត ដល់១លានដុល្លារ ប៉ុន្តែទាល់តែមានការខិតខំចូលរួមពីសហគមន៍នៅក្នុងដែនជម្រកជាដើម។
បើតាមលោកស្រី ឆាយ គឹមហៀក សម្រាប់ការអនុវត្តគម្រោងរេដបូកនេះ ថវិកាមួយផ្នែកធំត្រូវបានធ្វើវិភាជទៅសហគមន៍មូលដ្ឋានដោយផ្ទាល់ សម្រាប់ការចាត់ចែងគ្រប់គ្រង ដោយអង្គការបានបើកគណនីធនាគារ និងបង្កើតគណៈកម្មការសម្រាប់ការចាត់ចែង គ្រប់គ្រងថវិកា ដោយមានការជួយជ្រោមជ្រែងសម្របសម្រួលពីអង្គការ WCS ដើម្បីយកមកអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់។
មន្ត្រីផ្នែកសហគមន៍រេដបូកនៃអង្គការ WCS រូបនេះ បានបញ្ជាក់ថា សម្រាប់នៅឆ្នាំ២០២២នេះ គឺអង្គការមានយន្តការថ្មី សម្រាប់បែងចែកថវិកាដែលទទួលបានពីការលក់ឥណទានកាបូននេះ ដោយផ្អែកទៅលើការចូលរួមអនុវត្តន៍ គម្រោងរេដបូករបស់សហគមន៍នីមួយៗ ដោយដាក់ពិន្ទុលើសូចនាករចំនួន៣រួមមាន៖ ពិនិត្យមើលអត្រានៃការបាត់បង់ព្រៃឈើច្រើនជាងគេគឺបានពិន្ទុតិច, ភូមិណាដែលចុះល្បាតញឹកញាប់ និងរាយការណ៍ពីបទល្មើស ព្រៃឈើច្រើននោះ នឹងបានពិន្ទុច្រើនជាដើម, ការអភិវឌ្ឍសហគមន៍, ការបញ្ជូនកូនឱ្យចូលសិក្សា និងមានការចូលរួមសកម្មភាពនានា ដើម្បីការពារធនធានធម្មជាតិជាដើម។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះសិក្សាស្វែងយល់នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្ទៃដីអនុវត្តគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា មានទំហំ ១៦៦,៩៨៣ហិកតា។ នៅក្នុងការអនុវត្តគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ បានផ្តោតសំខាន់លើការពង្រឹងការអនុវត្តច្បាប់ ការចូលរួមរបស់ប្រជាសហគមន៍ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ការបង្កើនជីវភាពប្រជាសហគមន៍តាមរយៈការធ្វើកសិកម្ម និងទេសចរណ៍ធម្មជាតិ ការកំណត់តំបន់គ្រប់គ្រង ការតាមដាន និងស្រវាជ្រាវជីវៈចម្រុះ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា អត្ថប្រយោជន៍នៃគម្រោងរេដបូក នៅដែនជម្រកសត្វព្រៃកែវសីមា បានផ្តល់ផលប្រយោជន៍ទៅដល់ភូមិចំនួន២០ ដែលក្នុងមួយភូមិៗបានទទួលថវិកាចន្លោះពីជាង ១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ ការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានចំនួន៦០ម៉ឺនដុល្លារ ធ្វើឱ្យចំនួនថវិកាដែលភូមិនីមួយៗទទួលបានថវិកាកើនឡើងតាមរយៈសកម្មភាព និងចំណូលពីការលក់ឥណទានកាបូននេះផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា គម្រោងរេដបូកបានផ្តល់ផលប្រយោជន៍៖ កាត់បន្ថយការបាត់បង់ព្រៃឈើ កាត់បន្ថយការបាត់បង់ជីវៈចម្រុះ អភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់ថវិកាបែងចែកផលប្រយោជន៍គម្រោងរេដបូក សម្រាប់បំពេញបន្ថែមទៅក្នុងថវិកានៃផែនការវិនិយោគឃុំ។ គម្រោងរេដបូកនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានបន្តថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូន សាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) អនុវត្តគម្រោងរេដបូក តាំងពីឆ្នាំ២០១៦មក ពោលគឺចាប់តាំងពីដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានផ្ទេរឱ្យក្រសួងបរិស្ថានគ្រប់គ្រង៕ ដោយ ៖ ផល្លិត ហៅបូរ៉ា