ចិនព្រមានអាមេរិកកុំឱ្យប្រឡែងលេងជាមួយភ្លើង ពាក់ព័ន្ធនឹងកោះតៃវ៉ាន់

ប៉េកាំង ៖ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី៥ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានសមភាគីអាមេរិក គឺលោក ចូ បៃដិន កុំឱ្យ «ប្រឡែងលេងជាមួយភ្លើង» ពាក់ព័ន្ធនឹង កោះតៃវ៉ាន់។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទចាយពេលជាង ២ម៉ោង លោក ស៊ី ជិនពីង បានប្រាប់លោក បៃដិនថា សហរដ្ឋអាមេរិក គួរតែអនុវត្តឱ្យបានតាម «គោលការណ៍ចិនតែមួយ» ហើយបានសង្កត់ធ្ងន់ដែរថា ចិនជំទាស់ជាដាច់ខាតទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងការលូកលាន់ពីកម្លាំងខាងក្រៅ។ លោក ស៊ី ជិនពីង បញ្ជាក់ប្រាប់លោក បៃដិន ថា «អ្នកដែលប្រឡែងលេងជាមួយភ្លើង តែងតែត្រូវបានភ្លើងឆេះ…ហើយយើងសង្ឃឹមថា ភាគីអាមេរិកនឹងយល់យ៉ាងច្បាស់ពីបញ្ហានេះ»។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានបញ្ជាក់ថា លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីចិនដែរថា គោលនយោបាយអាមេរិក មិនបានផ្លាស់ប្ដូរឡើយ ហើយទីក្រុងវ៉ាស៊ីនតោនប្រឆាំងជាដាច់ខាតទៅនឹងរាល់ការព្យាយាមកែប្រែស្ថានភាពដើមដោយឯកតោភាគី ឬបំផ្លាញដល់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់៕