នាវា​ផ្ទុក​យន្តហោះ​អាមេរិក ត្រូវបាន​ដាក់ពង្រាយ​ឡើងវិញ​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ភាព​តានតឹងកំពុង​កើនឡើង​

វ៉ាស៊ីនតោន​ ៖ នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan និង​ក្រុម​វាយប្រហារ​របស់​សហរ​ដ្ឋ​អាមេរិក ត្រូវបាន​ដាក់ពង្រាយ​ឡើងវិញ​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ស្របពេល​មាន​ភាព​តានតឹង​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​។​

ក្រសួងការបរទេសរ​បស់​ប្រទេស​ចិន បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន ម្តង​ទៀតថា កំពុង​បង្កបញ្ហា​ឲ្យ​កាន់តែ​ក្ដៅ ប៉ុន្តែ​មេបញ្ជាការ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក លោក Hayley Sims បាន​ទទូចថា នាវា Reagan នេះ​គឺ​ស្ថិតនៅលើ​ប្រតិបត្តិ​ការធម្មតា ដោយបាន​កំណត់ពេល​វេលា​នៃ​ការ​ល្បាត​តាម​ធម្មតា​ប៉ុណ្ណោះ​។​

ទន្ទឹម​នោះ មន្ត្រី​អាមេរិក បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​អង្គារ ពី​អាកប្បកិរិយា​ឈ្លានពាន និង​គ្មាន​ការទទួលខុសត្រូវ​លើ​បញ្ហា​កោះ​តៃវ៉ាន់ ខណ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​ឆ្លើយតប ចំពោះ​ទង្វើ​របស់​សហរដ្ឋអាមេរិក​ថា ច្បាស់​ណាស់ នេះ​គឺជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​ចំពោះ​សមុទ្រ​ចិន​ខាងត្បូង និង​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​៕